កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួងការពារជាតិប្រទេសបារាំងបានប្រកាសថា យន្តហោះចម្បាំងរបស់បារាំងបានវាយប្រហារកម្ទេចទៅលើមជ្ឈមណ្ឌលផ្គត់ផ្គង់ប្រេងមួយកន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាម (IS) ស្ថិតនៅក្នុងតំបន់ ez-zor ភាគខាងត្បូងប្រទេសស៊ីរី ។
ក្នុងនាមជាសម្ពន្ធមិត្តដឹកនាំដោយអាមេរិក ប្រទេសបារាំងបានបញ្ជូនយន្តហោះចម្បាំងប្រភេទ Mirage 2000 ពីរគ្រឿងចូលរួមប្រតិបត្តិការពីលើដែនអាកាសប្រទេសស៊ីរី ។ យន្តហោះចម្បាំងបារាំងបានបាញ់ចំគោលដៅទៅលើទីតាំងផ្គត់ផ្គង់ប្រេងរបស់ក្រុមរដ្ឋអិស្លាម ស្ថិតក្នុងបេសកកម្មមួយដែលធ្វើឡើងរយៈពេល២ម៉ោងប៉ុណ្ណោះ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំងបានបន្តទៀតថា ការវាយប្រហារទៅលើទីតាំងផលិតប្រេងគ្រប់គ្រងដោយក្រុម Daech ស្ថិតនៅក្នុងប្រទេសស៊ីរីនោះ គឺជាគោលដៅមួយបំផ្លាញប្រភពចំណូលរបស់ក្រុមឧទ្ទាមទាំងនោះ ។
បារាំងបានចូលរួមជាសម្ពន្ធមិត្តដឹកនាំដោយអាមេរិកដើម្បីធ្វើប្រតិបត្តិការយោធាប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមនៅក្នុងទឹកដីស៊ីរី ។ បារាំងបានវាយប្រហារតាមដែនអាកាសយ៉ាងតិច២លើកទៅលើជំរុំហ្វឺកហាត់ទ័ពរបស់ក្រុមរដ្ឋអិស្លាម ។ មន្ត្រីប្រទេសបារាំងបានបញ្ជាក់ថា ប្រតិបត្តិការនេះកើតឡើងដោយសារតែក្រុមរដ្ឋអិស្លាមបានធ្វើសកម្មភាពវាយប្រហារបណ្តាលឲ្យខូចប្រយោជន៍របស់ប្រទេសបារាំង ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ ប្រធានាធិបតីបារាំង លោក Francois Hollande បានថ្លែងថា ប្រទេសរបស់លោកនឹងបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង carrier Charles de Gaulle ឲ្យទៅប្រតិបត្តិការសារជាថ្មីដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអិស្លាមដែលកំពុងស្ថិតនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់នោះ ។
ប្រទេសបារាំងបានដាក់ពង្រាយយន្តហោះចម្បាំង១២គ្រឿងរួចហើយស្ថិតនៅក្នុងបន្ទាយចក្រភពអារ៉ាប់ និងនៅប្រទេស Jordan ៕
ប្រែសម្រួល៖ ថាច់ យ៉ាត