ភ្នំពេញ៖ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ គឺលោកប៊ុត សីហា ទទួលបានការរិះគន់ខ្លាំងទាក់ទិននឹង ការប្រើប្រាស់គ្រឿងញៀន។ លោកក៏ទទួលបានការ លើកទឹកចិត្តឲ្យកែកំហុស និងចូលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីផងដែរ ដែលគ្រានេះលោកស្នើ ឲ្យផលិតករ ផ្តល់ការយោគយល់ ដោយការ ផ្តល់ឱកាស ឡើងឆាក។
អស់រយៈពេលជាង ២ ខែហើយ ដែលតារាចម្រៀង ប៊ុត សីហា លេចចេញរឿងអាស្រូវ និងបន្ទាប់ពីតារារូបនេះត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនអនុញ្ញាតឲ្យលោកចេញទៅ ច្រៀងរាំលើទឹកដីនៃសហរដ្ឋអាមេរិក។ ទៅជាយ៉ាងណាតារារូបនេះ ព្យាយាមបញ្ចេញឯកសាពិនិត្យ ទឹកនោម ដើម្បីលាងជម្រះរឿង អាស្រូវ ដ៏ធំមួយនេះ។ នៅពេលនេះ ប៊ុត សីហា បានបញ្ចប់ការងារ នៅផលិតកម្ម ហង្សមាស រួចហើយ ហើយលោកត្រូវបាន គេសង្ស័យដែរថា បានវេចបង្វេច ទៅជ្រកក្រោមដំបូលផលិតកម្ម សាន់ដេ។ ជួបរឿងអាស្រូវធំ និងត្រូវខើចឱកាសចេញរកលុយនោះធ្វើឲ្យ ប៊ុត សីហា កើតទុក្ខមិនតិចទេ ហើយថ្មីៗនេះតារារូបនេះ បានប្រកាសរកឱកាសឡើងច្រៀងតាមការប្រគំតន្ត្រីនានា ព្រោះលោកមិនមានផលិតកម្មណាជ្រកកោនទេ មានតែច្រៀងតាមតាមឆាកមង្គលការជប់លាងតាមជនបទនោះ។ លោកថា៖ «បងប្អូនអាចទាក់ទងហៅខ្ញុំច្រៀងបានបាទ មិនរវល់ទេ សីហារីករាយនឹងទៅ»។បន្ថែមពីលើនេះ តារាចម្រៀងមកពីខេត្តកំពង់ស្ពឺ ប៊ុត សីហា ថា លោកមានបទចម្រៀងខ្លះហើយ តែមិនមានអ្វីថត MV នឹងគេ ដោយក្នុងនោះលោកបានបញ្ជាក់ថា មានបទចម្រៀងចេញ១បទ បានរកគេជួយធ្វើ គឺបទ«កូនខុសហើយម៉ែ»។ ចំណងជើងបទចម្រៀង១បទនេះ ពិតជាមានន័យចាត់ដោត និងអាចជាបទដែលរៀបរាប់ពីជីវិតលោកផងដែរ៕
ដោយ វឌ្ឍនា