ប្រភពព័ត៌មានពីក្រុមចារកម្មបានបញ្ជាក់ថា រដ្ឋាភិបាលបង់ក្លាដែសបានបញ្ជូនមេស្ថាបនិកក្រុមផ្តាច់ខ្លួនជ្រុលនិយមទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ មេដឹកនាំម្នាក់នេះ រដ្ឋាភិបាលឥណ្ឌាបានស្នើធ្វើបត្យាប័នពីរដ្ឋាភិបាលបង់ក្លាដែលអស់រយៈពេលជាយូរឆ្នាំកន្លងមកហើយ។
លោក Anup Chetia ជាអ្នកស្ថាបនិករណសិរ្សរំដោះរួបរួម ULFA អស់រយៈពេលប្រមាណ៣ទសវត្សរ៍កន្លងមកហើយ ។ លោកត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងក្នុងប្រទេសបង់ក្លាដែសរយៈពេល១៨ឆ្នាំ ក្រោមបទចោទប្រកាន់ថា បានចូលទៅកាន់ទឹកដីបង់ក្លាដែសដោយខុសច្បាប់ និងប្រើប្រាស់រូបិយប័ណ្ណបរទេសខុសច្បាប់ ។
លោក Anup Chetia រយៈពេល៧ឆ្នាំបានស្ថិតនៅក្នុងពន្ធនាគារ ដែលមានទីតាំងជាយក្រុងដាកា ប្រទេសបង់ក្លាដែស ខណៈដែលប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែសមានកិច្ចព្រមព្រៀងស្ថិតអំពីការស្នើសុំសិទ្ធិជ្រកកោនខាននយោបាយ ហើយមានការស្នើឲ្យជួយធ្វើបត្យាប័នមេស្ថាបនិកក្រុមផ្តាច់ខ្លួនជ្រុលនិយមម្នាក់នេះទៅកាន់ប្រទេសឥណ្ឌាវិញ ។
មន្ត្រីចារកម្មឥណ្ឌាម្នាក់បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក Anup Chetia នៅតែស្ថិតក្នុងមន្ទីរឃុំឃាំង ហើយយើងនឹងនាំរូបគេទៅកាន់ឥណ្ឌាភ្លាមៗ ។
ក្រុមផ្តាច់ខ្លួនជ្រុលនិយម ULFA ជាក្រុមមួយដែលសកម្មជាងគេបំផុតនៅក្នុងតំបន់ភាគឦសាន ប្រទេសឥណ្ឌា ។ នៅទីនេះជាមូលដ្ឋានរឹងមាំ និងជាភូមិឋានរបស់ក្រុមកុលសម្ពន្ធជនជាតិដើមភាគតិចជាច្រើនក្រុមរស់នៅ ហើយដែលពួកគេភាគច្រើនទាមទារសិទ្ធិគ្រប់គ្រងទឹកដីស្វយ័តនោះ ។
ក្រុម ULFA បានបោះជំរុំរបស់ខ្លួនជាច្រើនកន្លែងនៅតាមបន្ទាត់ព្រំដែនឥណ្ឌាជាប់ជាមួយព្រំដែនប្រទេសបង់ក្លាដែស ។ ក្រុមនេះបានចោទទីក្រុងញូវដេលីថាជាអ្នកប្លន់ធនធានរ៉ែ និងធនធានធម្មជាតិរបស់ពួកគេ ។ ការប្រយុទ្ធគ្នានៅភាគឦសានប្រទេសឥណ្ឌាបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ក្នុងរយៈពេលប៉ុន្មានទសវត្សរិ៍កន្លងទៅនេះ ។ ទោះបីយ៉ាងណា ក្រុមប្រដាប់អាវុធខ្លះបានទម្លាក់អាវុធរបស់ពួកគេ ប៉ុន្តែមនុស្សរាប់រយនាក់នៅតែបន្តបាត់បង់ជីវិតក្នុងមួយឆ្នាំៗ ។
ការបញ្ជូនមេស្ថាបនិកក្រុមឧទ្ទាមខាងលើនេះបានកើតឡើង ចំពេលដែលប្រទេសឥណ្ឌា និងបង់ក្លាដែសបានខិតខំរិតចំណងសាមគ្គី សហប្រតិបត្តិការល្អប្រសើររវាងគ្នាទៅវិញទៅមក ។ ប្រទេសទាំងពីរមានគម្រោងធ្វើឲ្យពាណិជ្ជកម្មប្រទេសរៀងៗកើនឡើងខ្ពស់ បញ្ហាសន្តិសុខនៅតាមបន្ទាត់ព្រំដែន និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ ៕
កាលពីដើមឆ្នាំ២០១៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនប្រវត្តិសាស្ត្រ ដែលតានតឹងអូសបន្លាយពេលជាង៤ទសវត្សរ៍កន្លងមកនោះរវាងប្រទេសទាំងពីរ ។ ឥណ្ឌា និងបង់ក្លាដែសព្យាយាមដោះស្រាយជម្លោះព្រំដែនដ៏ស្មុគស្មាញដោយសន្តិវិធី ៕
ប្រែសម្រួល៖ ថាច់ យ៉ាត