ភ្នំពេញ៖ ហ្គេមបាញ់ត្រីនៅក្នុងផ្សារ ស៊ីធីម៉ល ត្រូវគេរាយការណ៍ថាកំពុងទាក់ ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម សិស្សានុសិស្ស ដែលជាទំញំងស្នងឫស្សី នៃព្រះរាជាណាចក្រកម្ពុជា ។ អាជ្ញាធរ រាជធានីភ្នំពេញប្រកាសថា មិនអនុញ្ញាត ឱ្យមានហ្គេមប្រភេទល្បែងស៊ីសងនោះ ទេ ។ ប៉ុន្ដែអាជ្ញាធរខណ្ឌ៧មករាមិនមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្ក្រាបហ្គេម នៅក្នុងផ្សារស៊ីធីម៉លនេះឡើយ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា បើទោះ បីជាកន្លងទៅគេឃើញមានសកម្មភាពម្ដងម្កាលក្នុងការបង្ក្រាបល្បែងហ្គេម ស៊ីសងតាមទីកន្លែងផ្សេងៗ ដើម្បីឆ្លើយ តបទៅនឹងការតាំងចិត្ដរបស់សាលារាជធានីភ្នំពេញក្ដី ប៉ុន្ដែអាជ្ញាធរខណ្ឌ៧មករា ហាក់ដូចជាបរាជ័យចំពោះការបិទបញ្ចប់ល្បែងហ្គេមបាញ់ត្រីដែលកំពុងតែធ្វើ សកម្មភាពយ៉ាងពុះកញ្ជ្រោលនៅក្នុង ផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២១៧ ក្នុងសង្កាត់វាលវង់ ដែល ត្រូវបានគេនិយាយថា គឺជាការបរាជ័យ ដ៏អាក្រក់មួយ ។
តាមសេចក្ដីរាយការណ៍ថា ក្រោម ស្លាកល្បែងកម្សាន្ដគេឃើញមានធុង ហ្គេមបាញ់ត្រីជាច្រើនត្រូវបានបើក លេងស៊ីសងនៅជាន់ក្រោមនៃផ្សារស៊ីធីម៉លដែលមានអ្នកលេងយ៉ាងពពាក់ ពពូនភាគច្រើនជាសិស្ស ។
លោក នេត ស៊ីថុន អធិការខណ្ឌ៧ មករាបានឱ្យដឹងថា កន្លងទៅលោកបាន កោះហៅម្ចាស់ទីតាំងល្បែងបាញ់ត្រីនោះឱ្យមកធ្វើកិច្ចសន្យាចំនួន២ដងហើយ ប៉ុន្ដែគេនៅតែលួចលេង ។ យ៉ាងណាក៏ដោយ លោកថា មិនអីទេលោកនិងលោកអភិ បាលខណ្ឌនឹងចាត់ការចំពោះករណីនេះ ។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិ ភាពសាលារាជធានីភ្នំពេញបានចេញ វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបញ្ចប់ សកម្មភាពល្បែងស៊ីសងប្រភេទហ្គេម បាញ់ត្រីឱ្យអស់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ។ ប៉ុន្ដែគេមិនដឹងថា មូល ហេតុអ្វីបានជាអាជ្ញាធរខណ្ឌខ្លះនៅ តែ ធ្មេចភ្នែកធ្វើមិនដឹងមិនឮឱ្យល្បែង ស៊ីសងប្រភេទនេះបន្ដសកម្មភាពទៀត នោះទេ ៕
ដោយ៖ ហេង នរិន្ទ្រ