កងទ័ព​ជើង​អាកាស​ចិន​ និង​ថៃ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ជា​លើក​ដំបូង​

ចែករំលែក៖

​មន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ចិន​បាន​ថ្លែង​ថា​ កងទ័ព​ជើង​អាកាសប្រទេស​ចិន​ និង​កងទ័ព​ជើង​អាកាសប្រទេស​ថៃ​ នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​លើក​ដំបូង​មិន​ធ្លាប់​នៅ​ក្នុង​ខែ​នេះ​ ដែល​ជា​សញ្ញា​មួយ​ត្រូវ​គេ​មើលឃើញ​ថា​ ប្រទេស​ថៃ​ហាក​បាន​និង​កំពុង​ភ្ជាប់​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ចិន​ ។​

sew51

​សមយុទ្ធ​ដែល​មានឈ្មោះ​ថា​ Falcon​ Strike​ 2015​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​បន្ទាយ​កងកម្លាំង​ជើង​អាកាស​ស្ថិត​នៅ​តំបន់​ Korat​ ចាប់​បី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​របស់​ប្រទេស​ចិន​ ។​

​សេចក្តីថ្លែងការណ៍​ដដែល​នេះ​បាន​បន្ត​ទៀត​ថា​ គោលបំណង​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​ឈ្វេងយល់​ រៀនសូត្រ​ គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កងកម្លាំង​ជើង​អាកាសប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ជំរុញ​ឲ្យ​មានការ​ទុកចិត្ត​គ្នា​ និង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជ្រាលជ្រៅ​បន្ថែម​ទៀត​ផង​ដែរ​ ។​

​កម្លាំងយោធា​ប្រទេស​ថៃ​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​ ក្រោយ​ពី​បាតុកម្ម​អូស​បន្លាយពេល​អស់​ជា​ច្រើន​ខែ​ ។​ ការ​ធ្វើ​រដ្ឋប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាងលិច​ថ្កោលទោស​ជា​ពន្ធ​ពេក​ ព្រមទាំង​បន្ថយ​មក​ឲ្យ​នៅ​មាន​កម្រិត​ក្នុង​កិច្ច​សហប្រតិបត្តិការ​ការទូត​របស់​ខ្លួន​ជាមួយ​ប្រទេស​ថៃ​ថែម​ទៀត​ផង​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ ការ​គ្រប់គ្រង​រដ្ឋាភិបាល​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ​ ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​ចិន​ទៅ​វិញ​ ។​

​ចាប់តាំងពី​ពេល​នោះ​មក​ ប្រទេស​ថៃ​ ដែល​ជា​សម្ពន្ធមិត្ត​ដ៏​យូរលង់​របស់​អា​មេ​រិ​ក​នោះ​បាន​បង្កើន​ចំណងមិត្តភាព​ និង​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ជិតខាង​ខ្លួន​ គឺ​ប្រទេស​ចិន​ ។​ រដ្ឋាភិបាលយោធា​ថៃ​បាន​ខំប្រឹង​ភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន​ ខណៈ​ដែល​ទីក្រុង​ប៉េ​កាំ​ង​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ស្រាប់​ផង​នោះ​ បាន​ផ្តល់​ប្រាក់​កម្ចី​ និង​ផ្តល់​ជំនួយ​ទៅ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ។​

​ប្រទេស​ចិន​ល្បីល្បាញ​ខ្លាំង​ជាងគេ​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ក្នុង​រឿង​វាតទី​ដណ្តើម​គ្រប់គ្រង​ដែនដី​ទឹក​ភាគ​ធំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ។​ ប្រទេស​ចិន​បាន​ប្រឈម​ជាមួយ​ប្រទេស​វៀតណាម​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ តៃវ៉ាន់​ និង​ប្រ៉ុ​យ​ណេ​ទាក់ទង​ជម្លោះដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ ។​

​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន​កាលពី​ស​ប្តា​ហ៍​មុន​នោះ​ ដែល​មានការ​ចូលរួម​ដោយ​ភាគី​ចិន​ និង​អា​មេ​រិ​ក​ផង​ដែរ​នោះ​បាន​បរាជ័យ​ ដោយ​មិន​អាច​ឈាន​ដល់​ការ​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​បាន​ឡើយ​ ដោយសារ​ថា​ គណៈប្រតិភូ​ចូលរួម​ប្រជុំ​មិន​យល់​ស្របគ្នា​ទាក់ទង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ៕​

sew (1)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print