មន្ត្រីក្រសួងការពារជាតិប្រទេសចិនបានថ្លែងថា កងទ័ពជើងអាកាសប្រទេសចិន និងកងទ័ពជើងអាកាសប្រទេសថៃ នឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងមិនធ្លាប់នៅក្នុងខែនេះ ដែលជាសញ្ញាមួយត្រូវគេមើលឃើញថា ប្រទេសថៃហាកបាននិងកំពុងភ្ជាប់ទំនាក់ទំនងល្អប្រសើរជាមួយប្រទេសចិន ។
សមយុទ្ធដែលមានឈ្មោះថា Falcon Strike 2015 នឹងត្រូវបានធ្វើឡើងនៅឯបន្ទាយកងកម្លាំងជើងអាកាសស្ថិតនៅតំបន់ Korat ចាប់បីថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្តទៀតថា គោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីឈ្វេងយល់ រៀនសូត្រ គ្នាទៅវិញទៅមករវាងកងកម្លាំងជើងអាកាសប្រទេសទាំងពីរ ក៏ដូចជាជំរុញឲ្យមានការទុកចិត្តគ្នា និងការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជ្រាលជ្រៅបន្ថែមទៀតផងដែរ ។
កម្លាំងយោធាប្រទេសថៃបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់កាលពីខែឧសភា ឆ្នាំ២០១៤ ក្រោយពីបាតុកម្មអូសបន្លាយពេលអស់ជាច្រើនខែ ។ ការធ្វើរដ្ឋប្រហារនេះបានធ្វើឲ្យប្រទេសលោកខាងលិចថ្កោលទោសជាពន្ធពេក ព្រមទាំងបន្ថយមកឲ្យនៅមានកម្រិតក្នុងកិច្ចសហប្រតិបត្តិការការទូតរបស់ខ្លួនជាមួយប្រទេសថៃថែមទៀតផង ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការគ្រប់គ្រងរដ្ឋាភិបាលដោយការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសថៃ ទទួលបានការគាំទ្រពីប្រទេសចិនទៅវិញ ។
ចាប់តាំងពីពេលនោះមក ប្រទេសថៃ ដែលជាសម្ពន្ធមិត្តដ៏យូរលង់របស់អាមេរិកនោះបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងល្អប្រសើរជាមួយប្រទេសជិតខាងខ្លួន គឺប្រទេសចិន ។ រដ្ឋាភិបាលយោធាថៃបានខំប្រឹងភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសចិន ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ស្រាប់ផងនោះ បានផ្តល់ប្រាក់កម្ចី និងផ្តល់ជំនួយទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ។
ប្រទេសចិនល្បីល្បាញខ្លាំងជាងគេនៅក្នុងប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ក្នុងរឿងវាតទីដណ្តើមគ្រប់គ្រងដែនដីទឹកភាគធំនៅសមុទ្រចិនខាងត្បូង ។ ប្រទេសចិនបានប្រឈមជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៉ុយណេទាក់ទងជម្លោះដែនសមុទ្រចិនភាគខាងត្បូងនោះ ។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថាអាស៊ានកាលពីសប្តាហ៍មុននោះ ដែលមានការចូលរួមដោយភាគីចិន និងអាមេរិកផងដែរនោះបានបរាជ័យ ដោយមិនអាចឈានដល់ការចេញសេចក្តីប្រកាសរួមមួយបានឡើយ ដោយសារថា គណៈប្រតិភូចូលរួមប្រជុំមិនយល់ស្របគ្នាទាក់ទងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ៕
ប្រែសម្រួល៖ ថាច់ យ៉ាត