ខេត្ដកំពង់ស្ពឺ៖ ក្រុមឈ្មួញរកស៊ីជួញ ដូរឈើប្រណីតនៅតែបន្ដកើតមានជា រៀងរាល់យប់ថ្ងៃ ក្នុងនោះក្រុមឈ្មួញរកស៊ី មុខរបរនេះ ហាក់បីដូចជាមានឥទ្ធិពល លើសមត្ថកិច្ចក្នុងខេត្ដកំពង់ស្ពឺខ្លាំងណាស់ ដោយមិនមាននរណាហ៊ានបង្ក្រាបពួក គេឡើយដែលទង្វើបែបនេះត្រូវបានគេសង្ស័យថា ក្រុមឈ្មួញជះលុយបំបិទភ្នែក សមត្ថកិច្ច ។
ឈ្មួញឈើម្នាក់ដែលមានអំណាចខ្លាំងជាងសមត្ថកិច្ចនោះត្រូវបានគេស្គាល់ ថា ឈ្មោះ ណុប ឌី រស់នៅក្នុងភូមិ ដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បានប្រមូល និងដឹកជញ្ជូនឈើប្រណីត ប្រភេទបេង និងធ្នង់ជាច្រើនម៉ែត្រគូប ចេញពីផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅ ក្នុងភូមិដំបងវិញនោះ ។ នៅពេលមាន សេចក្ដីរាយការណ៍អំពីការដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ នេះគឺសមត្ថកិច្ច តូចតាចហាក់បីដូចជាស្ទាក់ស្ទើរក្នុង ការបង្ក្រាបដោយម្នាក់ៗបានត្រឹមតែជិះ រថយន្ដទៅមើលឈើប៉ុណ្ណោះ ហើយបាន ព្រលយពាក្យថាពិបាកធ្វើណាស់ពីព្រោះសុទ្ធតែគ្នាឯង ។ ការនិយាយបែបនេះ ក្រុមសមត្ថកិច្ចហាក់បីដូចជាយល់ច្បាស់ថាឈ្មួញឈ្មោះ ណុប ឌី នេះបានទាក់ទង មេៗអស់ហើយ ទើបមន្ដ្រីតូចតាចមិន ហ៊ានបង្ក្រាបដោយឈ្មួញបានបង់លុយ ឱ្យថ្នាក់លើអស់ហើយនៅក្នុងទឹកដីស្រុកឱរ៉ាល់នេះ ។
ប្រជាពលរដ្ឋបានលើកឡើងថា បើ ប្រជាពលរដ្ឋដឹកអុស ធ្យូង ឈើអារ មក ធ្វើផ្ទះនោះត្រូវអស់លោកសមត្ថកិច្ច គ្រប់ស្ថាប័នជំរិតទារប្រាក់រាប់សែនរៀលក្នុង១គោយន្ដ បើមិនឱ្យទេច្បាស់ជាយក ទាំងគោយន្ដទៅទុកនៅកន្លែងគេជាក់ជាមិនខានឡើយតែបើក្រុមឈ្មួញរកស៊ីជួញ ឈើឈ្មោះ ណុប ឌីនេះវិញ មិនដែលឃើញ អស់លោកទាំងអស់នេះបង្ក្រាបបានម្ដងណាឡើយ ។
មន្ដ្រីនគរបាលស្រុកឱរ៉ាល់មួយរូបបានបង្ហើបឱ្យដឹងថា ឈើរបស់ឈ្មោះ ណុប ឌី ដែលដឹកចេញពីស្រុកឱរ៉ាល់នេះ គឺយក ទៅលក់នៅប្រទេសវៀតណាមហើយទំរាំទៅដល់ប្រទេសវៀតណាមនោះគឺត្រូវ ឆ្លងកាត់ ខេត្ដតាកែវ និងខេត្ដកំពតផង ដែរ តែដោយការបង់លុយកាក់ទៅឱ្យ គ្រប់ជំនាញនោះទើបមិនសូវមានការ ចាប់បង្ក្រាប ។
ចំណែកប្រជាពលរដ្ឋដែលដឹកឈើ ប្រណីតលក់ឱ្យឈ្មួញឈ្មោះ ណុប ឌីនោះ បានលើកឡើងថា ពួកគាត់ពិបាករកស៊ី ជាមួយឈ្មួញម្នាក់នេះណាស់ដោយសារ តែពេលយកឈើទៅលក់ឱ្យឈ្មោះឌីនោះពីរទៅបីដងហើយមិនទាន់ឱ្យលុយផង គឺ រាប់ពាន់ដុល្លារហើយក្នុងម្នាក់ៗឈ្មួញរកស៊ីឈើឈ្មោះឌីនេះបោកប្រាស់ពួកគាត់ បើ តាមអ្វីដែលពួកគាត់ដឹងឈ្មោះឌីនេះ ជំពាក់លុយគេរាប់ម៉ឺនដុល្លារឯណោះ ។
ពាក់ពន្ធ័នឹងការលើកឡើងខាងលើនេះដែរថាមានគំនរឈើជាច្រើននៅក្នុងព្រៃដែលអ្នកយកព័ត៌មាននគរវត្ដបានផ្ដិត យករូបភាពបាននេះ លោក ណុប ឌី ដែល ជាឈ្មួញរកស៊ីជួញឈើប្រណីតដុះស្លែមួយរូបបាននិយាយថា ឈើទាំងអស់នេះគឺ លោកបានទិញទុកសម្រាប់ធ្វើផ្ទះទេ ហើយ បើកាសែតចង់ចុះផ្សាយអីក៏ផ្សាយទៅ លោកគ្មានតួនាទី ជានគរបាល , ទាហាន ឬក៏ប៉េអឹមអីទេ មិន ខ្លាចគេដកបុណ្យស័ក្ដិ ឡើយ ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរផ្ទះរបស់ឈ្មួញឈើមួយរូបនេះបាននិយាយថា ផ្ទះរបស់ឈ្មោះ ណុប ឌីនេះ ឃើញធ្វើ រាប់ឆ្នាំមកហើយមិនទាន់រួចរាល់ទេ ហើយ ឃើញតែដឹកជញ្ជូនឈើទាំងរថយន្ដៗដឹកចេញស្ទើររៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋខេត្ដកំពង់ស្ពឺសួរថា តើ អាជ្ញាធរខេត្ដនិងជំនាញមានសមត្ថភាព អាចបង្ក្រាប និងចាត់ការក្រុមឈ្មួញ រកស៊ីដឹកឈើប្រណីតទូទាំងខេត្ដកំពង់ស្ពឺ នេះបានដែរឬយ៉ាងណា? ៕
ដោយ៖ សេនា ស័ក្ដិ