ខេត្តរតនគិរី៖ រថយន្តយីឌុបផ្លូវ៥យ៉ាងតិច៩គ្រឿងបានដឹកឈើប្រណីតចេញពីសំណុចដីសប្បទានរបស់ក្រុមហ៊ុន ជា ចាន់រិទ្ធ មានទីតាំងភូមិចាកៀង ឃុំកិចុង ស្រុកបរកែវ ជាប់ព្រំប្រទល់ស្រុកអូរយ៉ាដាវ ឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ កលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
រថយន្តដឹកឈើប្រណិតនេះផងដែរ ត្រូវបានអ្នកភូមិចាកៀង និងប្រជាពលរដ្ឋក្នុងសហគមន៍ បាននាំគ្នាឃាតើដើម្បីការពារផ្លូវក្នុងភូមិ និងបញ្ចៀសការបំផ្លាញដោយសារការផ្ទុកការដឹកជញ្ជូនឈើលើសទម្ងន់ ប៉ុន្តែសកម្មភាពនៃការរារាំងរបស់អ្នកភូមិពុំបានឃាត់ដំណើរការនៃការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនជា ចាន់រិទ្ធនេះបានឡើយ ។
ប្រភពនៅទីនោះបានឲ្យដឹងថា មានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឃាត់រថយន្តទាំងនេះកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលប់ថ្ងៃដដែល នៅចំណុចច្រកអូរយ៉ាដាវ ប៉ុន្តែនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រថយន្តដឹកឈើប្រណីតទាំង៩គ្រឿងបានឆ្លងទៅកាន់ប្រទេសវៀតណាម ។
លោក ឡុង រុក្ខា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាដាវបានប្រាប់នគរវត្តតាមទូរស័ព្ទយ៉ាងដូច្នេះថា ពាក់ព័ន្ធទៅនឹងការដឹកឈើនេះ ខ្ញុំមិនដឹងទេ បើចង់ដឹងថា មានច្បាប់ ឬអត់ច្បាប់ សូមទាក់ទងទៅខាងសមត្ថកិច្ចគយ ។
ដោយឡែកខាងសមត្ថកិច្ចគយ នគរវត្តមិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយគ្មានលេខទូរស័ព្ទ ។ លោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រាប់នគរវត្តតាមទូរស័ព្ទថា ឈើទាំងអស់នោះ គឺមាន ប៉េសេនាំចេញត្រឹមត្រូវរបស់ក្រុមហ៊ុនជា ចាន់រិទ្ធ ។
គួររំលឹកថា កាលពីខែមុន ការដឹកជញ្ជូនឈើប្រណីតបែបនេះ ក្រុមហ៊ុនជា ចានើរិទ្ធ បាននាំទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវដូចគ្នា បើទោះជាមានប៉េសេពិតប្រាកដក៏ដោយយ៉ាងតិចលើសពីចំនួន៥០ភាគរយ ជាឈើគ្មានច្បាប់ទម្លាប់ ត្រូវបានលួចបង្កប់ក្នុងប៉េសេ ដើម្បីនាំចេញ ប៉ុន្តែការផ្ទុកលើសប៉េសេ ក្រុមហ៊ុននេះបានចាត់ចែងផលប្រយោជន៍ឲ្យសមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកអូរយ៉ាដាវ ក្នុងនោះមានឈ្មោះ ហួរ ជាមេការ ចាត់ចែងរត់ការ បែងចែកឲ្យសមត្ថកិច្ចទៀតនោះ ។
រថយន្តទាំង៩គ្រឿងនេះ ប្រសិនបើពុំមានការឃុបឃិតដោយអំពើពុករលួយជាលក្ខណៈប្រព័ន្ធទេនោះ គឺមិនអាចឆ្លងទៅណាបានឡើយ សូម្បីតែខាងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងដែលដឹកនាំដោយលោក សុខ រដ្ឋ ឃាត់រថយន្តដឹកឈើទាំងនេះអស់១យប់ទៅហើយ ក្រោយពីការចរចាចប់ ទើបនៅព្រឹកថ្ងៃទី១៣នេះ រថយន្តដឹកឈើបានឆ្លងទៅប្រទេសវៀតណាមបានដោយសុវត្ថិភាព ៕
ដោយ៖ សុខ ខេមរា