ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងបួសធ្ងន់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចារណ៍មួយ ដែលបង្កឡើងដោយរថយន្ដកែច្នៃមួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿងដែលជិះគ្នា៣នាក់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង៤០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលេខ៧១ ស្ថិតក្នុងភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញមនុស្ស៣នាក់ឪពុក ម្ដាយ និងកូនស្រី បានជិះម៉ូតូមួយគ្រឿងហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ១K ៨៤៦៦ តាមបណ្ដោយផ្លូវលេខ៧១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដកែច្នៃមួយគ្រឿង ហៅថាបុកស័រ ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បានជ្រុលចង្កូតមកបុកម៉ូតូខាងលើពេញទំហឹងតែម្ដង បណ្ដាលឲ្យស្រ្ដីជាប្រពន្ធស្លាប់នៅនឹងកន្លែងហេតុ។ ចំណែកបុរសជាប្ដីបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ រីឯស្រ្ដីជាកូនកំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់។
ដោយឡែងរថយន្ដកែច្នៃនោះ បានបើកគេចខ្លួនបាត់ស្រមោល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ លឹម សុង ភេទស្រី អាយុ៦២ឆ្នាំ, បុរសជាប្ដីឈ្មោះ ជុំ ម៉ោង ភេទប្រុស និងស្រ្ដីជាកូនឈ្មោះ ឌុក ខេន ភេទស្រី អាយុ៣៥ឆ្នាំ ទាំង៣នាក់រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែជនបង្កជាអ្នកបើករថយន្ដកែច្នៃនោះឈ្មោះ ជិន ចំរើន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិនស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងបានវាស់វែង ព្រមទាំងចាត់កម្លាំងតាមឃាត់ខ្លួនជនបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ ដោយឡែកឯសព ត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៊ុន រិទ្ធី