រថយន្តកែច្នៃ ព្រលះ​ម៉ូតូ​ឌ្រីម​ពេញ​ទំ​ហឹង​បណ្ដាល​ឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងបួសធ្ងន់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចារណ៍មួយ ដែលបង្កឡើងដោយរថយន្ដកែច្នៃមួយគ្រឿង បានបើក​បុកម៉ូតូមួយគ្រឿងដែលជិះគ្នា៣នាក់។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង៤០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា​ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលេខ៧១ ស្ថិតក្នុងភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មាន​​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​គេ​ឃើញ​មនុស្ស៣នាក់ឪពុក ម្ដាយ និងកូនស្រី បានជិះម៉ូតូមួយគ្រឿងហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ១K ៨៤៦៦ តាមបណ្ដោយផ្លូវលេខ៧១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដកែច្នៃមួយគ្រឿង ហៅថាបុកស័រ ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បានជ្រុលចង្កូត​មកបុកម៉ូតូខាងលើពេញទំហឹងតែម្ដង បណ្ដាលឲ្យស្រ្ដីជាប្រពន្ធស្លាប់នៅនឹងកន្លែងហេតុ។ ចំណែក​បុរសជាប្ដីបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ រីឯស្រ្ដីជាកូនកំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់។

ដោយឡែងរថយន្ដកែច្នៃនោះ បានបើកគេចខ្លួនបាត់ស្រមោល។

​ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ លឹម សុង ភេទ​ស្រី អាយុ៦២ឆ្នាំ, បុរសជាប្ដីឈ្មោះ ជុំ ម៉ោង​ ភេទ​ប្រុស និងស្រ្ដីជាកូនឈ្មោះ ឌុ​ក ខេន​ ភេទ​ស្រី ​អាយុ​៣៥ឆ្នាំ​ ទាំង៣នាក់រស់នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែជនបង្កជាអ្នកបើក​រថយន្ដកែច្នៃនោះឈ្មោះ ជិន ចំរើន ភេទប្រុស​អាយុ២៥ឆ្នាំ រស់នៅភូមិនស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

​ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងបានវាស់វែង ព្រមទាំងចាត់​កម្លាំងតាមឃាត់ខ្លួនជនបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ ដោយឡែកឯសព ត្រូវបានសាច់ញាតិ​នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕


...

ដោយ៖ ប៊ុន រិទ្ធី 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print