ភ្នំពេញ៖ នៅម៉ោងប្រមាណ៤.១៥នាទី រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។
ជាលទ្ធផលនៃកិច្ចប្រជុំទាំង២ដ៏មានសារសំខាន់នេះ គឺទទួលបាននូវភាពជោគជ័យ និងគួរជាទីមោទនៈ សំរាប់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន។ ក្នុងនោះ ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS បានពិភាក្សាគ្នាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ជាមួយគ្នានោះ ឯកសារសំខាន់ចំនួនបីក៏ត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន (១) បញ្ជីគម្រោងអាទិភាព (២)ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។
ចំពោះកិច្ចប្រជុំកំពូលកម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ កម្ពុជាធ្វើជាប្រធានដឹកនាំប្រជុំនោះ ក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ ដែលក្នុងនោះថ្នាក់ដឹកបាន ពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយបានពិភាក្សា
រិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន៕
ដោយ៖ សុខ ខេមរា