ខេត្តត្បូងឃ្មុំ៖ បុរស៣នាក់ក្នុងនោះមានម្នាក់ជាម្ចាស់ផ្ទះនិងជាអ្នកលក់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកមេមត់ចាប់ឃាត់ខ្លួនពីបទរក្សាទុកជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានបញ្ជាក់ថា នៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកមេមត់បានសហការជាមួយកម្លាំងជំនាញខេត្តចុះល្បាតត្រួតពិនិត្យនៅចំណុចផ្លូវលំចូលតាមហាងឥន្ទ្រីធំ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជួបមុខសញ្ញាដែលជាជនសង្ស័យ២នាក់ទី១ ឈ្មោះ អោប ឧត្ដម ភេទប្រុស អាយុ២២ឆ្នាំ និងទី២ ឈ្មោះ អោម គា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរនៅភូមិមេមត់ផ្សារ ឃុំមេមត់ស្រុកមេមត់។
ក្នងនោះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឃើញម្សៅក្រាមពណ៌សចំនួន៨ កញ្ចប់តូច សង្ស័យជាថ្នាំញៀននៅនឹងខ្លួនឈ្មោះ អោម គា ហើយក៏បានបុរសទាំងពីរនាក់មកអធិការដ្ឋាន នគរបាលស្រុកមេមត់ដើម្បីសាកសួរបន្ទាប់មកជនសង្ស័យ អោម គា បានឆ្លើយសារភាពថាពួកគេទិញថ្នាំញៀននេះពីឈ្មោះ អាវ ប្រុស ហៅទិន ជាមុខសញ្ញាចេញពីពន្ធនាគារករណីជួញដូរគ្រឿងញៀនស្នាក់នៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងដោយមានការឯកភាពរបស់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំនៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៧ ខែ វិច្ចិកា ឆ្នាំ២០១៥ សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះឈ្មោះ អាវ ប្រុស ហៅទិន ហើយក៏បានឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់ផ្ទះមកអធិារដ្ឋាន នគរបាលស្រុកមេមត់ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង3នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណះ