ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការ «ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី» បានសរសេរថា «ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន ព្រះរាជទ្រព្យ សរុប១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា» ។
ព្រះរាជទាន ព្រះរាជទ្រព្យរបស់ព្រះអង្គ ធ្វើឡើងបន្ទាប់ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ព្រះបរមរាជាអនុញ្ញាតឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ និងទទួលតង្វាយជាព្រះរាជទ្រព្យ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ ។
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តែងទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ៕