ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេនដែលរោងចក្រនេះវិនិយោគដោយជនជាតិចិនតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រោងចក្រនេះ មានកម្មករ កម្មការិនីកំពុងបំពេញការងារសរុប ៣,៨៧២នាក់ ប្រុស ៣០៩នាក់ នារី ៣,៥៦៣នាក់។ រោងចក្រនេះ ផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កម្មការិនីសរុបជាង ១លានដុល្លារក្នុងមួយខែ ហើយផលិតផលនៃរោងចក្រនេះត្រូវបាននាំចេញទៅកាន់ទីផ្សារ អឺរ៉ុប និងអាមេរិក។
គេហទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់ពិធីនេះនៅម៉ោង៧:០០ ព្រឹក ពីរោងចក្រចក្រ តំបន់ផ្លូវជាតិលេខ៤៕
ដោយ៖ សុខ ខេមរា