ភ្នំពេញ៖ តារាចម្រៀងចាន់ សម័យដែលបានធ្វើឲ្យអារម្មណ៍ទស្សនិកជនរំជួលចិត្ត និងទើបនឹងទទួលបានជំនួយសប្បុរសពីសម្តេចតេជោ ហ៊ុន សែន កំពុងតែថែរក្សាសុខភាព ព្យាបាលជំងឺ។ លោកថា នឹងវិលមកកាន់ការងារសិល្បៈជាថ្មីក្រោយជំងឺធូរស្បើយ និងទទួលបានកម្លាំងចិត្តច្រើនេះពីទស្សនិកជន។
ទាំងអារម្មណ៍រំភើប លោកចាន់ សម័យ បានបញ្ជាក់ថា លោកមិននឹកស្មានទេថាទទួលបានសារលើកទឹកចិត្ត ពីមហាជនយ៉ាងច្រើន ពិសេសជំនួយសប្បុរសធម៌មិនអាចកាត់ថ្លៃបានរបស់សម្តេច។ លោកថាបំណងចម្បងរបស់លោកក្រោយពីស្ថានភាពជំងឺធូរស្រាលនោះគឺការវិលរកការបម្រើអារម្មណ៍ទស្សនិកជនជាថ្មី។ ម្ចាស់បទ”មិនស្រលាញ់អូនមិនបាន” រូបនេះលើកឡើងដែរថា លោកនឹងបង្ហាញមុខជាថ្មីលើកកម្មវិធីនានាឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ មិនថាកម្មវិធីតូចធំនោះទេ ហើយលោករំពឹងថាតាមរយៈជំនួយជាសម្ភារៈ ថវិកា ពិពេសទឹកចិត្តមិនអាចកាត់ថ្លៃបានទាំងនេះនឹងអាចធ្វើឲ្យលោកបន្តរស់ជួយដល់គ្រួសារ និងបម្រើការកម្សាន្តរបស់ទស្សនិកជនជាថ្មីម្តងទៀត៕
គួរបញ្ជាក់ដែរថា តារាចម្រៀងចាន់ សម័យ គឺជាតារាចម្រៀងប្រុសល្បីឈ្មោះខ្លាំងកាលពីអំឡុងជាងមួយទសវត្សរ៍មុននៅផលិតកម្មព្រះវិហារ គ្រាដែលលោកបានច្រៀងបទចម្រៀងក្នុងភាពយន្តភាគចិនល្បីឈ្មោះមួយដែលគេហៅថា”F4”នោះ។ លោកក៏ធ្លាប់បានសាងស្នាដៃលើការងារសិល្បៈជាច្រើនរួមទាំងការចេញបម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅស្រុកផងដែរ ប៉ុន្តែលោកបានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំក្រោយពីធ្លាក់ខ្លួនក្រ មានជំងឺប្រចាំកាយនិងមិនអាចចេញច្រៀងបានរហូតមានការទម្លាយលើបណ្តាញទំនាក់ទំនងសង្គមនាំឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់មហាជន និងអ្នករួមអាជីព៕
ដោយ វឌ្ឍនា