ភ្នំពេញៈ មិនទាន់ផ្សំដំណេកផង កូនកម្លោះក្លាយជាជនជាប់ចោទ ត្រូវចៅក្រមសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារ ក្នុងបទប៉ុនប៉ងឃាតកម្ម ដោយអំពើកូនកម្លោះ ព្រួតគ្នាវាយអ្នកភ្លេងអោយផុងលលាដ៏ក្បាល ដឹកបញ្ជូនទៅសង្រ្គោះប្រទេសវៀតណាម ហើយកូនប្រុសរបួសធ្ងន់សង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី១៦ វិច្ឆកា ឆ្នាំ២០១៥ ឋិតក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាក្សីនៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុ នៅទីនៅមានកម្មវិធីមង្គលការ ហើយដាក់តន្ត្រីរាំរែកយ៉ាងសប្បាយអើងកងអបអសារទរគូស្វាមីភរិយាថ្មោងថ្មី ។ លុះដល់ម៉ោងចប់ភ្លេងតាមការកំណត់ អ្នកភ្លេងបានសំណូមបញ្ឈប់ តែម្ចាស់កម្មវិធីសុំបន្តលេង១ម៉ោងបន្ថែមទៀត គាត់ក៏បំពេញតាមសំណូមពរ ។ ក្រោយពីដល់១ម៉ោង នៅតែបង្ខំអោយអ្នកភ្លេងបន្តលេងម្តង៤បទ ម្តង៥បទ ជាបន្តបន្ទាប់ រហូតអ្នកភ្លេងមិនអាចបំពេញបន្ថែមទៀតបានក៏សម្រេចបង្ខំចិត្តឈប់ ទើបកើតជារឿងខឹងសម្បារឌឺដងជេរប្រមាថពីក្រុមភាគីកូនកម្លោះមកលើអ្នកភ្លេង នឹងប្រើអំពើហឹង្សាព្រួតគ្នាមកវាយ។
កូនប្រុសជនរងគ្រោះឃើញសកម្មភាពភាគីនឹងភ្ញៀវកូនកម្លោះវាយមកលើឳពុករបស់ខ្លួនក៏បានដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់ដើម្បីបំបែកហ្វូងជនបង្ក។
ប៉ុន្តែសកម្មភាពនេះនៅតែបន្តវាយមកលើអ្នកភ្លេង វាយហើយលើកជនរងគ្រោះមកបោះចោលកណ្តាលផ្លូវ ក្នុងចេតនាទុច្ចរិតពីកូនកម្លោះនឹងគូកន ដាក់អោយរថយន្តកិនសម្លាប់ជាអំពើឃោរឃៅប៉ុនប៉ងឃាតកម្ម ក៏កូនប្រុសជនរងគ្រោះព្យាយាមដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់បំបែកក្រុមជនដៃដល់ ក៏មានបងប្រុសកូនកម្លោះជាមន្ត្រីនគរបាលមកចាប់ដកយកកាំភ្លើងហើយព្រួតគ្នាវាយកូនជនរងគ្រោះអោយសន្លប់ស្តូកស្តឹង។
ក្រោយពេលកើតហេតុ អ្នកភ្លេងជាឳពុកត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយមានមុខរបួសផុងលលាដ៏ក្បាលធ្ងន់ធ្ងរមិនមានសង្ឃឹមថានឹងព្យាបាលទាន់ពេល។ ដោយឡែកកូនជនរងគ្រោះរងរបួសធ្ងន់ក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនបង្កហេតុនឹងបក្ខពួកត្រូវចៅក្រមសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្តោះអាសន្ន ខានបានក្រេបទឹកឃ្មុំដោយសារការប្រព្រឹត្តអំពើខាងលើនេះ។
មតិជាច្រើនគាំទ្រចំពោះសមត្ថកិច្ចនឹងតុលាការ មានចំណាត់ការតាមនិតិវិធី ដើម្បីផ្តល់យុត្តិធម៍ដល់ជនរងគ្រោះ ។ សុខ ខេមរា