ខេត្តក្រចេះ ៖ រថយន្តយីឌុប១គ្រឿងដឹកឈើត្រូវបានសមត្ថកិច្ចចម្រុះធ្វើការចាប់ឃាត់ ដើម្បីត្រួតពិនិត្យតាមច្បាប់ ស្តីពីការដឹកជញ្ជូនអនុផល ព្រៃឈើ ប៉ុន្តែករណីនេះគេសង្ស័យថានឹងមាន ការដោះលែង បន្ទាប់ពីសមត្ថកិច្ចបានយក រថយន្តដឹកឈើនេះមកកាន់ស្រុកស្នួល ហើយមិនទាន់ធ្វើការពិនិត្យ និងវាស់វែងនៅឡើយ ។
រថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចឃាត់ នៅវេលាព្រឹកថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងនោះអ្នកបើកបររថយន្តបានអះអាងប្រាប់ថា រថយន្តដឹកឈើខាងលើនេះជារបស់លោក ឧកញ៉ា ស៊ឹង សំអុល ហើយមានច្បាប់អនុញ្ញាត ដឹកកុងផ្លាកកេ តែត្រូវបានគេសង្ស័យថាបាន បង្កប់ឈើប្រណីតនៅខាងក្រោម ខណៈសមត្ថកិច្ច និងជំនាញមិនទាន់បំពេញភារកិច្ចវាស់វែង នៅឡើយទេ។
ប្រភពនៅទីនោះបញ្ជាក់ថា តំណាងអយ្យការ នឹងអនុញ្ញាតឲ្យមានការដោះ លែង ប្រសិនបើមិនមានវិធានការ ក្នុងការឆែកឆេរពិនិត្យ ឲ្យបានច្បាស់លាស់នោះទេ ដោយគេសំអាងថា រថយន្តនេះមិនមានឈើបង្កប់ គឺមានតែកុងផ្លាកកេប៉ុណ្ណោះ ។
ប្រភពបានបញ្ជាក់ថា ជាក់ស្តែងខាងក្រោមគឺឃើញបង្កប់ឈើប្រណីត ខណៈពេលនេះ ឧកញ៉ា ស៊ឹង សំអុល កំពុងរត់ការដើម្បីឲ្យរថយន្តរបស់ខ្លួនឆ្ពោះទៅកាន់ទិសដៅឲ្យបានសម្រេច ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះបានឲ្យអង្គភាពនគរដ្រេហ្គនដឹងនៅថ្ងៃខែដដែលនេះថា « ពិតជាមានការឃាត់រថយន្តដឹកឈើនេះមែន ប៉ុន្តែលោកមានភារកិច្ចបំពេញបេសកកម្មនៅក្រៅប្រទេស ដូច្នេះសូមទំនាក់ទំនងទៅលោក វុទ្ធី ដែលជាព្រះរាជអាជ្ញារង ទទួលកិច្ចការនេះ» ។
បើទោះយ៉ាងណា ភ្នាក់ងារយកព័ត៌មាននគរដ្រេហ្គន មិនអាចទំនាក់ទំនងទៅកាន់លោកវុទ្ធី ដែលទទួលកិច្ចការនេះជាមួយជំនាញរដ្ឋបាល ព្រៃឈើនៅខេត្តក្រចេះបានទេ នៅថ្ងៃខែដដែលនេះ ដោយសារគ្មានលេខទូរស័ព្ទ ។
មួយរយៈនេះ គេសង្កេតឃើញថា ឧកញ៉ា ស៊ឹង សំអុល ដែលជាមេឈ្មួញឈើដ៏ល្បីមួយរូបក្នុងបទល្មើសព្រៃឈើបានងើបសកម្មភាពដឹកជញ្ជូនឈើឡើងវិញ បន្ទាប់ពីលោកមានច្បាប់ក្នុងការ ប្រមូលឈើចាស់ ដើម្បីមកចែកចាយនៅក្នុងស្រុក ។ ប៉ុន្តែគោលដៅរបស់លោកតែងតែប្រើរូបភាពនេះ ដើម្បីកាប់ឈើថ្មី ដឹកទៅ ប្រទេសវៀតណាម ដោយមានការសហការរត់ការជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីផងដែរ ៕ សុខ ខេមរា