តារាជាច្រើនរូបនឹងចេញលក់កាហ្វេប្រមូលលុយជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នឹងមានសិល្បករប្រុសស្រីល្បីឈ្មោះនៅកម្ពុជា៦រូបនឹងបង្ហាញវត្តមានចាប់ពីព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៨នេះនៅក្នុងហាងលក់កាហ្វេយីហោម៉ាខាត់កាហ្វេដើម្បីស្វែងរកថវិការបន្ថែមលើគម្រោងប្រគំតន្ត្រីនៅចុងសប្តាហ៍នេះ ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

​តារាប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ជ័យ សុវ៉ាត កញ្ញា នាង គន្ធា នាយ ចឺម  កញ្ញា វីរៈ និច្ច កញ្ញា បាន មុនីលក្ខណ៍ កុមារា ធួន ដាណុច កញ្ញា ចាបសក្ខណា កញ្ញា សោភា ទេពី DJ ពុយនុយ លោក សយ រតនា លោក MC Bull ជាដើម។ណ

លោក ឈួន សុខលីម អ្នកសម្របសម្រួលកម្មវិធីប្រគំតន្ត្រីខាងលើនេះបានបញ្ជាក់ថាសិល្បករខាងលើបានស្ម័គ្រចិត្តចូលរួមចេញមុខលក់កាហ្វេ រត់តុ ដោយផ្ទាល់ដើម្បីជាការលើកទឹកចិត្ត និងអរគុណសម្រាប់សប្បុរសជនដែលបានជួយថវិកា ក៏ដូចជាការទិញសំបុត្រចូលទស្សនាកម្មវិធីប្រគំតន្ត្រីក្នុងតម្លៃ១ម៉ឺនរៀលដែលនឹងធ្វើឡើងនៅថ្ងៃទី១១ខែសីហានេះនៅភោជននីយដ្ឋានសេវេនប្រាយជិតផ្សារមាន់អាំង។ លោកថាសិល្បករខាងលើបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងស្ម័គ្រចិត្តចេញលក់ដោយមិនគិតកម្រៃ ហើយក៏ជាឱកាសពួកគាត់អាចជួបអ្នកគាំទ្រពួកគេដោយផ្ទាល់ និងអាចអំពាវនាវស្វែងរកថវិកាបន្ថែមសម្រាប់ជយយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់។ លោកថាសម្រាប់សប្បុរសជន ឬអ្នកគាំទ្រសិល្បករខាងលើអាចជួបជាមួយវត្តមានពួកគាត់បាននៅហាងកាហ្វេម៉ាខាត់ផ្លូវ៤៣២បាន។ លោករំពឹងដែរថានឹងមានសប្បុរសជន និងអ្នកគាំទ្រសិល្បករជាច្រើននឹងចូលរួមជួយ ក៏ដូចជាចេញទៅជួបសិល្បករក្នុងដួងចិត្តរបស់ពួកគេផ្ទាល់នៅថ្ងៃទី០៩ខែសីហានេះផងដែរ។ លោកក៏សម្តែងការសោកស្តាយដែលខណៈពេលនេះមិនទាន់មានសប្បុរសជនច្រើន និងអ្នកឧបត្ថម្ភកម្មវិធីចូលរួមសកម្មភាពសង្គមមួយនេះនៅឡើយ។

គួរបញ្ជាក់ដែរថា នេះគឺជាទិដ្ឋភាពនៃមួយជ្រុងនៃការស្ម័គ្រចិត្តរបស់សិល្បៈ៨នាក់ក្នុងចំណោមសិល្បករប្រុសស្រីល្បីឈ្មោះប្រមាណ៦៦នាក់ដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយមានឈ្មោះថា”ការប្រគំតន្ត្រីចែករំលែកក្តីសង្ឃឹម”ដែលនឹងត្រូវរៀបចំឡើងនៅចុងសប្តាហ៍នេះ៕

 

ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print