ខេត្តឧត្ដរមានជ័យ ៖ ប្រទេសកម្ពុជា បច្ចុប្បន្ន មានតម្រូវការសាច់សត្វជាច្រើន សម្រាប់បម្រើការហូប ចុកប្រចាំថ្ងៃ ដោយ សារប្រទេសកសិកម្មមួយនេះ មិនទាន់មានលទ្ធភាពផលិត ជ្រូកឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុង ស្រុករបស់របស់ខ្លួន។ តម្រូវការនេះវាជា ឱកាសល្អសម្រាប់ក្រុមអ្នករកស៊ីនាំសត្វចូលទាំងស្របច្បាប់ និងលួចលាក់។
ជាក់ស្តែងជារៀងរាល់ថ្ងៃសត្វជ្រូករាប់ពាន់ក្បាល ត្រូវបានដឹកជញ្ជូនចូលតាមច្រកអូរស្មាច់ ក្នុងសង្កាត់សំរោង យកមករក្សា ទុកក្នុងចំណុចអូរខ្ចៅ ក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ហើយត្រូវមន្ត្រីច្រកនេះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា ការដឹកជ្រូកចូលនេះគឺមានលាយឡំដោយជ្រូកមានច្បាប់ទម្លាប់ត្រឹមត្រូវ និងលួចលាក់នាំចូលខុសច្បាប់ ព្រមទាំង ជ្រូកមានជំងឺផងដែរ ខណៈដែលមន្ត្រីជំនាញត្រួតពិនិត្យមិនបានដិតដល់នោះទេ។
ជ្រូកទាំងនេះ ត្រូវបាននាំចូលមករក្សាទុកក្នុងទីតាំងខាងលើនេះ ដើម្បីបន្តចែកចាយចូលទីផ្សារ ក្នុងខេត្តឧត្តរមានជ័យ និងបណ្ដាខេត្តជិតខាងផងដែរ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងរក្សាទុកជ្រូកនាំចូលពីប្រទេសថៃ បាននិយាយថា ទីតាំងនេះមានក្លិនស្អុយបានសាយភាយចេញពីទីតាំងទុកជ្រូកបង្កផលប៉ះពាល់សុខភាពរស់នៅរបស់ពួកគេ និងបរិស្ថាន ដែលមន្ត្រីជំនាញមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យ។
ក្រុមមន្ត្រីជំនាញប្រចាំការនៅច្រកអូរស្មាច់ មិនអាចទាក់ទងសុំការពន្យល់បានទេ ពាក់ព័ន្ធនឹងបញ្ហា នេះ ប៉ុន្តែក្រុមអ្នករកស៊ីនាំចូលជ្រូកនេះ បានបញ្ជាក់ថា ពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវ៕ ប៉ែន នួន