ភ្នំពេញ៖ សិល្បករប្រមាណជាង៦០បានស្ម័គ្រចិត្តរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ ទ្រាយធំមួយនៅចុងសប្តាហ៍នេះដើម្បីស្វែងរកជំនួយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ ទោះជាយ៉ាងណាពួកគេបានសម្តែងការខកចិត្តជាខ្លាំងក្រោយការលក់សំបុត្រតម្លៃត្រឹម១ម៉ឺនរៀលក៏មិនមានអ្នកជួយទិញច្រើនដែលធ្វើឲ្យពួកគេបាកទឹកចិត្ត។
តាមគម្រោងកម្មវិធីប្រគំតន្ត្រី”ចែករំលែកក្តីសង្ឃឹម” នឹងត្រូវធ្វើនៅថ្ងៃទី១១ ខែសីហា នេះដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជាស្ម័គ្រចិត្តចូលរួម ប៉ុន្តែកម្មវិធីនេះហាក់មិនមានការចាប់អារម្មណ៍ពីមហាជននៅឡើយ។ រហូតមកដល់ពេលនេះ ចំនួននៃការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ មានត្រឹមតែជិត៣០០សំបុត្រ ចែកការប្រគំតន្ត្រី៣វេន មានអ្នកមើលមិនបាន១០០នាក់ផង។ នេះបើតាមការបញ្ជាក់របស់អ្នកសម្របសម្រួលកម្មវិធីខាងលើបានបញ្ជាក់ប្រាប់។
លោក ឈួន សុខលីម អ្នកសម្របសម្រួលកម្មវិធីប្រគំតន្ត្រីខាងលើនេះបានបញ្ជាក់ថាសម្រាប់ការងារសប្បុរសធម៌មួយនេះ គឺប្រគំតន្ត្រី ដើម្បីលក់សំបុត្រចូលទស្សនា ក្នុងសំបុត្រមួយ ១ម៉ឺនរៀល ដែលមានការចូលរួមពីតារាល្បីៗជាច្រើន ហើយកម្មវិធីមួយនេះត្រូវបានចាត់ទុកថា ជាកម្មវិធីសប្បុរសធម៌ធំជាងគេមួយសម្រាប់ឆ្នាំ២០១៨ ដែលអ្នកសិល្បៈរួមគ្នាធ្វើ និងជួយដល់សង្គម។ ប៉ុន្តែមិននឹកស្មានថា ការងារសង្គមមួយនេះបែរជាមិនមានការគាំទ្រធ្វើឲ្យអ្នកសិល្បៈភាគច្រើនបាក់ទឹកចិត្ត និងចោទជាសំណួរថា ហេតុអ្វីបងប្អូនមិនគាំទ្រការងារសង្គមមួយនេះ មិនផ្តល់កំលាំងចិត្តដល់អ្នកសិល្បៈឲ្យប្រឹងបន្តទៀត។ កន្លងមកថ្មីៗនេះ គ្រោះធម្មជាតិ ដែលបង្កឡើងដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង បានបណ្ដាលឲ្យខូចខាត ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ អស់ជាច្រើនគ្រួសារ ។
ដោយសារតែហេតុនេះហើយ ទើបរៀបចំកម្មវិធីសប្បុរសធម៌មួយ មានការចូលរួមដោយស្ម័គ្រចិត្តប្រគំតន្ត្រី ដើម្បីប្រមូលមូនិធិឧបត្ថមជនរងគ្រោះដោយទឹកជំនន់ ដែលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១១/០៨/១៨ មានតារាចូលរួមល្បីៗទាំងអស់ជាង ៦០រូប តម្លៃសំបុត្រចូលទស្សនា ត្រឹមតែ១មុឺនរៀលប៉ុណ្ណោះ។
សូមជម្រាបថាយ៉ាងតិចមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន៦៦បានស្ម័គ្រចិត្តចូលរួមច្រៀងដោយមិនគិតកម្រៃដើម្បីស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះដោយទឹកជំនន់។ ការប្រគំតន្ត្រីលក់សំបុត្រក្នុងតម្លៃត្រឹម១ម៉ឺន រៀលនេះនឹងធ្វើឡើងនៅថ្ងៃទី១១ខែសីហានេះនៅភោជននីយដ្ឋានសេវេនប្រាយជិតផ្សារមាន់អាំង។ ចូលរួមជួយគាំទ្រសិល្បៈខ្មែរ គាំទ្រការងារសង្គម ទំនាក់ទំនងទិញសំបុត្របាន តាមរយៈលេខ 015 325 523/098 700 739/016 746 050/011 550 302៕ ដោយ វឌ្ឍនា