សិល្បករខកចិត្តនឹងកម្មវិធីប្រគំតន្ត្រីជួយជនរងគ្រោះ ដោយទឹកជំនន់ មិនទទួលបានការចាប់អារម្មណ៍

ចែករំលែក៖

ភ្នំពេញ៖ សិល្បករប្រមាណជាង៦០បានស្ម័គ្រចិត្តរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ ទ្រាយធំមួយនៅចុងសប្តាហ៍នេះដើម្បីស្វែងរកជំនួយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ ទោះជាយ៉ាងណាពួកគេបានសម្តែងការខកចិត្តជាខ្លាំងក្រោយការលក់សំបុត្រតម្លៃត្រឹម១ម៉ឺនរៀលក៏មិនមានអ្នកជួយទិញច្រើនដែលធ្វើឲ្យពួកគេបាកទឹកចិត្ត។

តាមគម្រោងកម្មវិធីប្រគំតន្ត្រី”ចែករំលែកក្តីសង្ឃឹម” នឹងត្រូវធ្វើនៅថ្ងៃទី១១​ ខែសីហា​ នេះដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជាស្ម័គ្រចិត្តចូលរួម ប៉ុន្តែកម្មវិធីនេះហាក់មិនមានការចាប់អារម្មណ៍ពីមហាជននៅឡើយ។ រហូតមកដល់ពេលនេះ​ ចំនួននៃការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ​ មានត្រឹមតែជិត៣០០សំបុត្រ​ ចែកការប្រគំតន្ត្រី៣វេន​ មានអ្នកមើលមិនបាន១០០នាក់ផង។ នេះបើតាមការបញ្ជាក់របស់អ្នកសម្របសម្រួលកម្មវិធីខាងលើបានបញ្ជាក់ប្រាប់។

លោក ឈួន សុខលីម អ្នកសម្របសម្រួលកម្មវិធីប្រគំតន្ត្រីខាងលើនេះបានបញ្ជាក់ថាសម្រាប់ការងារសប្បុរសធម៌មួយនេះ​ គឺប្រគំតន្ត្រី​ ដើម្បីលក់សំបុត្រចូលទស្សនា​ ក្នុងសំបុត្រមួយ​ ១ម៉ឺនរៀល​ ដែលមានការចូលរួមពីតារាល្បីៗជាច្រើន​ ហើយកម្មវិធីមួយនេះត្រូវបានចាត់ទុកថា​ ជាកម្មវិធីសប្បុរសធម៌ធំជាងគេមួយសម្រាប់ឆ្នាំ២០១៨​ ដែលអ្នកសិល្បៈរួមគ្នាធ្វើ​ និងជួយដល់សង្គម។ ប៉ុន្តែមិននឹកស្មានថា​ ការងារសង្គមមួយនេះបែរជាមិនមានការគាំទ្រធ្វើឲ្យអ្នកសិល្បៈភាគច្រើនបាក់ទឹកចិត្ត​ និងចោទជាសំណួរថា​ ហេតុអ្វី​បងប្អូនមិនគាំទ្រការងារសង្គមមួយនេះ​ មិនផ្តល់កំលាំងចិត្តដល់អ្នកសិល្បៈឲ្យប្រឹងបន្តទៀត។ កន្លងមកថ្មីៗនេះ​ គ្រោះធម្មជាតិ ដែលបង្កឡើងដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង​ បានបណ្ដាលឲ្យខូចខាត ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ​ ដែលរស់នៅទីនោះ អស់ជាច្រើនគ្រួសារ ។

ដោយសារតែហេតុនេះហើយ​ ទើបរៀបចំកម្មវិធីសប្បុរសធម៌មួយ​ មានការចូលរួមដោយស្ម័គ្រចិត្តប្រគំតន្ត្រី​ ដើម្បីប្រមូលមូនិធិឧបត្ថមជនរងគ្រោះដោយទឹកជំនន់​ ដែលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១១/០៨/១៨​ មានតារាចូលរួមល្បីៗទាំងអស់ជាង​ ៦០រូប​ តម្លៃសំបុត្រចូលទស្សនា​ ត្រឹមតែ១មុឺនរៀលប៉ុណ្ណោះ។

សូមជម្រាបថាយ៉ាងតិចមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន៦៦បានស្ម័គ្រចិត្តចូលរួមច្រៀងដោយមិនគិតកម្រៃដើម្បីស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះដោយទឹកជំនន់។ ការប្រគំតន្ត្រីលក់សំបុត្រក្នុងតម្លៃត្រឹម១ម៉ឺន រៀលនេះនឹងធ្វើឡើងនៅថ្ងៃទី១១ខែសីហានេះនៅភោជននីយដ្ឋានសេវេនប្រាយជិតផ្សារមាន់អាំង។​ ចូលរួមជួយគាំទ្រសិល្បៈខ្មែរ​ គាំទ្រការងារសង្គម​ ទំនាក់ទំនងទិញសំបុត្របាន​ តាមរយៈលេខ​ 015 325 523/098 700 739/016 746 050/011 550 302៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print