​តុលាការសម្រេចឃុំខ្លួនឃាតកសម្លាប់នារីជាសង្សាពីបទឃាតកម្មគិតទុកជាមុន

ចែករំលែក៖

ខេត្តកណ្តាល៖​ ឃាតកដែលសម្លាប់នារីជាសង្សារបស់ខ្លួនត្រូវបានតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួននៅរសៀលថ្ងៃទី២១​ ​ខែវិច្ឆិកា​ ឆ្នាំ២០១៥​ ពីបទឃាតកម្មគិតទុកជាមុន​ តាមមាត្រា២០០ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា​ ។​ ឃាតករូបនេះមានឈ្មោះ រម្យ​ សុង​ហេង ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​គ្រូបង្រៀន នៅ​សាលា​ប៊ែល​ធី សាខា​ក្រុង​តាខ្មៅ មានស្រុកកំណើតនៅ​ភូមិ​លេខ​១ ឃុំ​ប្រសាទ ស្រុក​ស្អាង បច្ចុប្បន្ន​ស្នាក់នៅភូមិក្រពើហា​ សង្កាត់ព្រែកឬស្សី​ ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ ។

IMG-20151121-WA0024

គួរំឭកថា​ កាលពី​វេលា​ម៉ោង​៦ និង១០​នាទី ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​នារី​ម្នាក់ ត្រូវគេ​សម្លាប់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​លំ​ចូល​ទៅ​ចម្ការ​អំពៅ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្វាយ​តា​នី ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ ។​

​នគរបាល​ស្រុក​ស្អាង​បានឲ្យដឹងថា នារី​រងគ្រោះ​ដែល​ត្រូវបាន​ឃាតករសម្លាប់​នោះ​មានឈ្មោះ ផែន សុភា​វី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ប៊ែល​ធី សាខា​ក្រុង​តាខ្មៅ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ​។

ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ បាន​ដើរ​ទៅ​មើល​ចម្ការ​របស់​ខ្លួន ក៏​បាន​ប្រទះឃើញ​សាកសព​នារី​រងគ្រោះ នៅ​ក្នុង​ថ្លុកឈាម​ក្បែរ​ចិញ្ចើម​ផ្លូវ​លំ​ច្រកចូល​ទៅ​ចម្ការ​អំពៅ​។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​។​

លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការនគរ​បាល​ស្រុក​ស្អាង​បានឲ្យដឹងថា​ រយៈពេល​តែ​បី​ម៉ោង​ប៉ុណ្ណោះ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​ឃោរឃៅ​សម្លាប់​នារី​ម្នាក់ នៅ​ផ្លូវលំ​ចូល​ទៅ​ចម្ការ​អំពៅ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្វាយ​តា​នី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ដែល​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស សាលា​ប៊ែល​ធី សាខា​ក្រុង​តាខ្មៅ​ ។​

លោកអធិការបន្តថា ជនសង្ស័យ​ឈ្មោះ រម្យ​ សុង​ហេង ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​គ្រូបង្រៀន នៅ​សាលា​ប៊ែល​ធី សាខា​ក្រុង​តាខ្មៅ ជាមួយ​ជនរងគ្រោះ ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ប្រសាទ ស្រុក​ស្អាង បាន​សារភាពថា រូបគេ និង​នារី​រងគ្រោះ​ជា​សង្សារ​នឹង​គ្នា បាន​ស​ឡាញ់​គ្នា​ជាង​កន្លះ​ឆ្នាំមកហើយ  នៅ​មុនពេល​កើតហេតុ​ប្រហែលជា​មួយ​ខែ នារី​រងគ្រោះ​បាន​ដឹងថា ជនសង្ស័យ​បាន​លួច​ទាក់​ជាមួយ​សង្សារ​ចាស់​នៅ​ចាក់អង្រែ ហើយ​ក៏​កើតក្តី​ខឹងសម្បា​ប្តឹង​ចូល​មក​សមត្ថកិច្ច​នគ​រ​បាល ក្រោយមក​សមត្ថកិច្ច​នគ​របាល​ក៏​ហៅ​ជនសង្ស័យ​មក​ដោះស្រាយ និង​សម្របសម្រួល​គ្នា​ ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ជ​ន​សង្ស័យ​បាន​សន្យាថា នឹង​ព្រម​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជាមួយ​នារី​រងគ្រោះ​។ រហូត​ដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ និង​នារី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ថា ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ នៅ​ស្រុក​ស្អាង​។ ខណៈ​កំពុង​ធ្វើដំណើរ​តាមផ្លូវ​វត្ត​ធន់​មន្ត នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ជនសង្ស័យ​ឈប់​មាន​ទំនាក់ទំនង​ជាមួយ​នារី​ផ្សេងទៀត បើសិនជា​ដឹង​នឹង​រក​រឿង​មិន​ខាន ហើយ​ពេលនោះ​ជនសង្ស័យ​ក៏​មានគំនិត​សម្លាប់​នារី​រងគ្រោះ​ចោល ក៏​ធ្វើ​ល្បិច​ជា​ចុកពោះ រួច​ចូល​ព្រៃ​មួយ​សន្ទុះ​ក៏​ចេញ​មក​វិញ​ឃើញ​នារី​រងគ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ ក៏​ធ្វើ​សកម្មភាព​ចក់​សម្លាប់​នារី​រងគ្រោះ​តែម្តង ​៕

IMG-20151121-WA0025

ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print