ខេត្តកណ្តាល៖ ឃាតកដែលសម្លាប់នារីជាសង្សារបស់ខ្លួនត្រូវបានតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ឃាតករូបនេះមានឈ្មោះ រម្យ សុងហេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្រូបង្រៀន នៅសាលាប៊ែលធី សាខាក្រុងតាខ្មៅ មានស្រុកកំណើតនៅភូមិលេខ១ ឃុំប្រសាទ ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
គួរំឭកថា កាលពីវេលាម៉ោង៦ និង១០នាទី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេសម្លាប់នៅក្បែរចិញ្ចើមផ្លូវលំចូលទៅចម្ការអំពៅមួយកន្លែង ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ។
នគរបាលស្រុកស្អាងបានឲ្យដឹងថា នារីរងគ្រោះដែលត្រូវបានឃាតករសម្លាប់នោះមានឈ្មោះ ផែន សុភាវី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាប៊ែលធី សាខាក្រុងតាខ្មៅ ស្នាក់នៅបន្ទប់ជួលក្នុងភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ និងមានស្រុកកំណើតនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋនៅក្បែរនោះ បានដើរទៅមើលចម្ការរបស់ខ្លួន ក៏បានប្រទះឃើញសាកសពនារីរងគ្រោះ នៅក្នុងថ្លុកឈាមក្បែរចិញ្ចើមផ្លូវលំច្រកចូលទៅចម្ការអំពៅ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា រយៈពេលតែបីម៉ោងប៉ុណ្ណោះ សមត្ថកិច្ចនគរបាលខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបំបែកសំណុំរឿងឃាតកម្មដ៏ឃោរឃៅសម្លាប់នារីម្នាក់ នៅផ្លូវលំចូលទៅចម្ការអំពៅមួយកន្លែង ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ដែលជាគ្រូបង្រៀនភាសាអង់គ្លេស សាលាប៊ែលធី សាខាក្រុងតាខ្មៅ ។
លោកអធិការបន្តថា ជនសង្ស័យឈ្មោះ រម្យ សុងហេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្រូបង្រៀន នៅសាលាប៊ែលធី សាខាក្រុងតាខ្មៅ ជាមួយជនរងគ្រោះ ទីលំនៅភូមិលេខ១ ឃុំប្រសាទ ស្រុកស្អាង បានសារភាពថា រូបគេ និងនារីរងគ្រោះជាសង្សារនឹងគ្នា បានសឡាញ់គ្នាជាងកន្លះឆ្នាំមកហើយ នៅមុនពេលកើតហេតុប្រហែលជាមួយខែ នារីរងគ្រោះបានដឹងថា ជនសង្ស័យបានលួចទាក់ជាមួយសង្សារចាស់នៅចាក់អង្រែ ហើយក៏កើតក្តីខឹងសម្បាប្តឹងចូលមកសមត្ថកិច្ចនគរបាល ក្រោយមកសមត្ថកិច្ចនគរបាលក៏ហៅជនសង្ស័យមកដោះស្រាយ និងសម្របសម្រួលគ្នា ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសន្យាថា នឹងព្រមចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនារីរងគ្រោះ។ រហូតដល់ថ្ងៃកើតហេតុ ជនសង្ស័យ និងនារីរងគ្រោះ បានជិះម៉ូតូឌុបគ្នាថា ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅស្រុកស្អាង។ ខណៈកំពុងធ្វើដំណើរតាមផ្លូវវត្តធន់មន្ត នារីរងគ្រោះបានប្រាប់ឲ្យជនសង្ស័យឈប់មានទំនាក់ទំនងជាមួយនារីផ្សេងទៀត បើសិនជាដឹងនឹងរករឿងមិនខាន ហើយពេលនោះជនសង្ស័យក៏មានគំនិតសម្លាប់នារីរងគ្រោះចោល ក៏ធ្វើល្បិចជាចុកពោះ រួចចូលព្រៃមួយសន្ទុះក៏ចេញមកវិញឃើញនារីរងគ្រោះកំពុងអង្គុយលើម៉ូតូ ក៏ធ្វើសកម្មភាពចក់សម្លាប់នារីរងគ្រោះតែម្តង ៕
ដោយ៖ ស្អាងជ័យ
...