ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ (Dmitry MEDVEDEV)មកកាន់ប្រទេសកម្ពុជានាថ្ងៃទី ២២-២៤ ខែវិច្ឆិកាឆ្នាំ២០១៥នេះ សន្តិសុខនៅរាជធានីភ្នំពេញ ក៏ដូចជាតំបន់សំខាន់ៗមួយចំនួន នៅប្រទេសកម្ពុជា ត្រូវបានរិតបន្តឹងយ៉ាងខ្លាំង ។ នេះ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានប្រកាសឲ្យដឹង ។
អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំផែនការការពារគណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ីបានមានប្រសាសន៍ឲ្យដឹងថា ទាក់ទងដំណើរទស្សនកិច្ចរបស់លោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកានេះ កម្លាំងសមត្ថកិច្ច ដែលរួមមាន កម្លាំងនគរបាលជាតិ កម្លាំងកងទ័ព និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រមាណជាង១ ម៉ឺននាក់ ត្រូវឈរជើងការពារនៅតាមគោលដៅនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបដដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ ដោយមានការទទួលខុសត្រូវនៅតាមគោលដៅរបស់ខ្លួននីមួយៗចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះតទៅ ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា នៅក្នុងដំណើរកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូជាន់ខ្ពស់ បណ្តាអ្នកសារព័ត៌មានទាំងអស់ នឹងត្រូវរឹតបន្តឹងផងដែរ ប្រសិនបើគ្មានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់ទេគឺមិនឲ្យចូលកន្លែងសំខាន់ៗនោះឡើយ ។
លោក ឌីមីទ្រី មេដវេដេវ (Dmitry MEDVEDEV)នាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ នេះ ក្នុងគោលបំណងរឹតចំណងមិត្តភាពជាប្រពៃណី ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តបតាមការអញ្ជើញជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ ប្រាថ្នា