ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រី៥៣នាក់ ស្រី៧នាក់ ក្នុងនោះមានជនជាតិចិន១០នាក់ ជនជាតិឥណ្ឌូនេស៊ី១៧នាក់ ជនជាតិកូរ៉េ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុធ្វើការចាប់ឃាត់ខ្លួននៅក្នុងរង្គសាលយីហោស្កាយឡាញ (បាឌីស្កូ) កាលពីវេលាម៉ោង១និង៤៥នាទី រំលងអាធ្រាត្រ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨រហូតទល់ភ្លឺ ដោយអះអាងថាទីតាំងមួយនេះជាទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនទ្រង់ទ្រាយធំ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជ្ញរងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំង ចែកចាយប្រើប្រាស់ថ្នាំញៀន ទ្រង់ទ្រាយធំមួយកន្លែង ក្នុងរង្គសាលស្កាយឡាញ (បាឌីស្កូ) ចាប់ពីម៉ោង១និង៤៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ រហូតដល់ម៉ោង៥ភ្លឺថ្ងៃដដែល ។
លោកថា ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លូនជនសង្ស័យចំនួន៥៣ នាក់ ស្រី៧នាក់ ក្នុងនោះមានជនជាតិចិន១០នាក់ ជនជាតិឥណ្ឌូនេស៊ី១៧នាក់ ជនជាតិកូរ៉េ២នាក់ ដែលភាគច្រើនសុទ្ធជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូហ្គោដិនស៊ី និងកាស៊ីណូតុងហ្វាងមិនជូ ព្រមទាំងពលរដ្ឋខ្មែរ ចំនួន២៤នាក់ ។ លោក អះអាងថា កម្លាំងបានចាប់យកបានថ្នាំញៀនប្រភេទ ខេតាមីន និង អិចស្តាស៊ី ចំនួន២៦កញ្ចប់ ដបថ្នាំញៀនសម្រាប់ លាយជាមួយទឹក៤ដប ។
លោកបញ្ជាក់បន្ថែមថា ក្រោយពេលពេលធ្វើតេស្ដឃើញថា អ្នកទាំងអស់មានផ្ទុកសារធាតុថ្នាំញៀន ស្រប ពេលដែលកម្លាំងសមត្ថកិច្ចឆ្មក់ចូលឆែកឆេរ ឃើញជនសង្ស័យទាំងនោះកំពុងប្រើប្រាស់ជាក់ស្តែងតែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ឆ្លាមសមុទ្រ