នគរបាលខេត្តព្រះសីហនុឃាត់មនុស្ស៥៣នាក់ ខណៈធ្វើតេស្តមានផ្ទុកសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រី៥៣នាក់ ស្រី៧នាក់ ក្នុងនោះមានជនជាតិចិន១០នាក់ ជនជាតិ​ឥណ្ឌូនេស៊ី១៧នាក់ ជនជាតិកូរ៉េ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុធ្វើការចាប់ឃាត់ខ្លួននៅក្នុង​រង្គសាលយីហោស្កាយឡាញ (បាឌីស្កូ) កាលពីវេលាម៉ោង១និង៤៥នាទី រំលងអាធ្រាត្រ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨រហូតទល់ភ្លឺ  ដោយអះអាងថាទីតាំងមួយនេះជាទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀន​ទ្រង់​ទ្រាយធំ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជ្ញរង​អម​សាលាដំបូងខេត្តព្រះសីហនុ បាន​ចុះ​បង្ក្រាប​ទីតាំង​ ចែកចាយ​ប្រើប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ក្នុង​រង្គ​សាល​ស្កាយ​ឡាញ ​(បា​ឌី​ស្កូ) ​ចាប់​ពី​ម៉ោង​១និង៤៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨  រហូតដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃដដែល ។

លោកថា ជាលទ្ធផល សមត្ថកិច្ចឃាត់​ខ្លូន​ជនសង្ស័យចំនួន​៥៣ នាក់​ ស្រី៧នាក់​ ក្នុងនោះមានជនជាតិ​ចិន​១០នាក់ ជនជាតិឥណ្ឌូ​នេស៊ី​១៧​នាក់​ ជនជាតិកូរ៉េ​២នាក់​ ដែលភាគ​ច្រើន​សុទ្ធជា​បុគ្គលិក​បម្រើការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និងកាស៊ីណូ​តុង​ហ្វាង​មិន​ជូ​ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​ ។ លោក អះអាង​​ថា កម្លាំងបានចាប់​យកបានថ្នាំញៀន​ប្រភេទ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សម្រាប់ លាយ​ជាមួយ​ទឹក​៤ដប ។

លោកបញ្ជាក់បន្ថែមថា ក្រោយពេល​ពេលធ្វើ​តេស្ដ​ឃើញថា អ្នក​ទាំង​អស់​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន ស្រប ពេលដែលកម្លាំងសមត្ថកិច្ច​ឆ្មក់​ចូល​ឆែកឆេរ ឃើញជនសង្ស័យ​ទាំង​នោះ​កំពុង​ប្រើ​ប្រាស់​ជាក់​ស្តែង​តែ​ម្តង​ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ឆ្លាមសមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print