ភ្នំពេញ៖ តារាចម្រៀង និងសម្តែង យូ ឌីស្កូ ដែលមានជំងឺគ្រលានធ្ងន់ធ្ងរនោះបានចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យនៃប្រទេសឥណ្ឌាអស់រយៈពេលជាយូ។ ក្រោយវះកាត់ព្យាបាលរួចអស់ប្រាក់ប្រមាណ៥ម៉ឺនដុល្លារអាមេរិក ស្ថានភាពជំងឺរបស់លោកប្រសើរជាងមុនហើយប៉ុន្តែនៅតែបន្តពិនិត្យតាមដាន និងត្រូវប្រើប្រាស់ថ្នាំជំនួយអស់មួយជីវិតដដែល។
យូ ឌីស្កូបានវិលត្រឡប់មកទឹកដំណើតវិញកាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រោយពីបានចេញទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌាអស់រយៈពេលជិត៤ខែ។
តារាសម្តែងរូបនេះបញ្ជាក់ថាជំងឺរបស់លោក បានធូរស្បើយច្រើនហើយក្រោយឆ្លងកាត់ការសម្រាកព្យបាលនៅក្រៅប្រទេសជាច្រើនខែនោះ។លោកបញ្ជាក់ដែរថាតាមវេជ្ជបញ្ញារបស់វេជ្ជបណ្ឌិតគឺតម្រូវឲ្យលោកពាក់ម៉ាស់រហូតគឺប្រហែល២ឆ្នាំឯណោះ ព្រោះការពាក់ម៉ាស់នេះដើម្បីការពារកុំឲ្យមេរោគដែលយើងមើលមិនឃើញឆ្លងចូល អាចបណ្តាលឲ្យសុខភាពលោកធ្លាក់ចុះខ្សោយខ្លាំង។ ចំពោះរបបអាហារដែលលោកអាចទទួល ទានបាននោះគឺសាច់មាន់ និងត្រី ហើយតមខ្លាំងបំផុតនោះគឺ ស្រា ។ លោកថាថ្លៃចំណាយត្រូវបានតារាសម្តែងរូបនេះបញ្ជាក់ថាអស់ប្រមាណ៥ម៉ឺនដុល្លារអាមេរិកឯណោះ ហើយថ្លៃចំណាយទាំងនេះក្រៅពីការជួយរបស់បងប្អូនមិត្តសិល្បៈ និងសប្បុរសជនបានជាងមួយម៉ឺនដុល្លារនោះ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកចំណាយទាំងស្រុង ក្នុងនោះការចំណាយរបស់សម្តេចទាំងទ្វេមិនត្រឹមតែក្នុងរយៈពេលលោកសម្រាកព្យាបាលនៅឥណ្ឌាឡើយ កាលលោកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកក៏សម្តេចជាអ្នករ៉ាប់រងផងដែរ។
លោកបន្តថាមកទល់ពេលនេះបន្ទុកក្នុងការចំណាយត្រូវបានតារាសម្តែងទទួលការសន្តោសពីសម្តេចប្រមុខដឹកនាំប្រទេសរូបនេះបានបន្ថែមថា លោកត្រូវចំណាយថ្លៃថ្នាំក្នុង១ខែអស់ប្រមាណ៣០០ដុល្លារ ដោយត្រូវលេបពេញមួយជីវិតតែម្តង។ ចំពោះថ្លៃចំណាយបន្ថែមនេះលោកថាក្រៅពីទទួលបានការឧបត្ថម្ភពីសប្បុរសជន ក្រោយពេលអាការៈលោកកាន់តែធូរស្បើយលោកនឹង ធ្វើការងារដើម្បីទទួលបានចំណូលផ្គត់ផ្គង់ជីវភាព និងចំណាយលើថ្លៃថ្នាំដែលត្រូវលេបពេញមួយជីវិតថែមទៀតផង។ ក្រោយពីស្ថានភាពប្រសើរលោករំពឹងថានឹងអាចប្រឡូកនឹងការងារសិល្បៈជាថ្មីផងដែរ៕
ដោយ វឌ្ឍនា