ខេត្តតាកែវ៖ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅតំបន់ប្រឡាយហនុមាន រួចមក នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត នៅក្នុងខេត្តតាកែវ ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារនេះ លោក លឹម គានហោ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ ២០១៥ នេះ ខេត្តតាកែវ ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀតដែរ គឺមានការប្រឈមខ្លាំងទៅនឹងគ្រោះរាំងស្ងួត។ រហូតដល់ចុងរដូវវស្សា ទើបខេត្តតាកែវបានទទួលរបាយទឹកភ្លៀងគួរសមឡើងវិញ ។ ការប្រឈមនេះ បានតម្រូវឲ្យយើងធ្វើអន្តរាគមន៏ជាបន្តបន្ទាប់ ដើម្បីសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ ។
លោករដ្ឋមន្ត្រីបន្តថា តាមរយ:កិច្ចអន្តរាគមន៏នេះ ពិសេសតាមរយ:ការចាត់វិធានការនានា តាមបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការប្រមូលទឹកទុក សម្រាប់បម្រើឲ្យការងារបង្កបង្កើនផល មកដល់ពេលនេះ ខេត្តតាកែវ អាចធានាបានទាំងស្រុងលើបញ្ហាទឹក ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងឆ្នាំ ២០១៥ នេះ ខេត្តផលិតស្រូវវស្សាបាន ចំនួន ១៩៣.៨០០ ហិកតា លើផែនការ ពោលគឺខេត្តបានផលិតលើសផែនការ ហើយបងប្អូនប្រជាកសិករ បាន និងកំពុងច្រូតកាត់បានជាបណ្តើរៗហើយ ។ ចំពោះស្រូវប្រាំងដែលខេត្តតាកែវមានផែនការផលិតចំនួន ៧៥.០០០ ហិកតា នោះ គឺថាមិនមានបញ្ហាទេ ព្រោះសក្តានុពលទឹករបស់យើងអាចធានាបានទាំងស្រុង ។ មកដល់ពេលនេះផ្ទៃដីស្រូវប្រាំងអនុវត្តបានប្រមាណ ២៧ ភាគរយ នៃផែនការហើយ ៕
ដោយ៖ សុខ ខេមរា