ភ្នំពេញ៖ ជនរងគ្រោះ៣នាក់ក្នុងចំណោមប្រុសស្រី៤នាក់ ដែលក្នុងនោះមានស្រីម្នាក់ផងនោះ បានរងរបួសត្រូវនឹងគ្រាប់កាំភ្លើងចំជើងនិងភ្លៅ ដោយសាររងនូវការបាញ់ប្រហារពីសំណាក់ក្រុមចោរប្រដាប់អាវុធចិត្តឆៅមួយក្រុមមានគ្នាប្រមាណជាជិត១០នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើមបានធ្វើសកម្មភាពបាញ់ប្លន់ទៅលើពួកជនរងគ្រោះ ហើយប្លន់យកម៉ូតូឌូកមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ដែលហេតុការណ៍បាញ់ប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសេះស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសម្តីរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់ ក្នុងនោះស្រី២នាក់ មានជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងជិះឌុបគ្នា២នាក់ ១គ្រឿងម៉ាកឌូកពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1CQ 9996 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP 6164 នាំគ្នាជិះចេញពីមើលការប្រគុំតន្ត្រីនៅក្នុងកោះពេជ្រ ហើយបានជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះបានបន្តថា ពេលជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជាជិត១០នាក់ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានជិះមកកាក់ពីមុខម៉ូតូនិងបានធ្វើសកម្មភាពភ្ជង់ប្លន់និងគំរាមបាញ់ប្លន់យកម៉ូតូ ហើយដោយសារនឹកស្តាយរបស់ពួកគេក៏បាននាំគ្នាវាយតដៃជាមួយក្រុមជនសង្ស័យ បណ្តាលអោយពួកគេខឹងក៏បានយកកាំភ្លើងទាំង២ដើមដែលកំពុងកាន់នៅក្នុងដៃ បាញ់រះមកលើពួកគេជាច្រើនគ្រាប់ បណ្តាលអោយរងរបួសត្រូវគ្រាប់៣នាក់(ត្រូវ៥គ្រាប់) ក្នុងនោះរងរបួសស្រីម្នាក់ផងដែរ។
ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីបាញ់ពួកគេអោយរបួសរួចមក ក្រុមជនសង្ស័យបានយកម៉ូតូឌូកមួយគ្រឿង រួចជិះគេចខ្លួនបាត់អស់តែម្តង ហើយពួកគេក៏បានដឹកគ្នាមកព្យាបាលនៅមន្ទីរពេទ្យឯករាជ្យ និងបានប្តឹងទៅសមត្ថកិច្ចផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងពិនិត្យនៅកន្លែងហេតុ ប៉ុន្តែរកឃើញតែដានឈាមរបស់ជនរងគ្រោះតែប៉ុណ្ណោះ ហើយជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិតែប៉ុណ្ណោះ ៕
ដោយ៖ ជីម ភារ៉ា