ភ្នំពេញ៖ តារាសម្ដែង ហង្ស សម្បើមស័ក្ដ បានបង្ហោះសារទារលុយផលិតកម្មមហាហង្សជុំវិញការថតរឿង “សង្គ្រាមមរតក” ដែលបញ្ចាំងឡើងចប់ទៅហើយមិនទាន់បានបើកលុយនៅសល់នោះបានធ្វើឲ្យ អគ្គនាយកផលិតកម្មនេះចេញមុខវាយប្រហាយ៉ាងចាស់ដៃ។
នេះមិនមែនជាលើកទី១ទេដែលតារាសម្ដែងបង្ហោះសារនៅលើទំព័រហ្វេសប៊ុក សុំបើកលុយបង្រ្គប់ពីផលិតកម្មមហាហង្ស។ ស្រដៀងគ្នានេះដែរតារាសម្តែង ហង្ស សម្បើមស័ក្ក បានទម្លាយសារស្វែងរកដំណោះស្រាយនៃការខកខានទូទាត់លុយអស់រយៈពេលជាយូមកហើយ។
ឆ្លើយតបនឹងការបង្ហោះសារដែលធ្វើឲ្យរឿងនេះឆេះឡើងលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សឲ្យដឹងថា ហេតុផលដែលខាងផលិតកម្មមិនព្រមបើកលុយ ៥០ភាគរយទៀតឲ្យ ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីតារាសម្ដែងរូបនេះមិនបានមកថតរឿង«សង្គ្រាមមរតក» ទៅតាមអ្វីដែលបានព្រមព្រៀងគ្នានោះទេ។ ដោយសាច់រឿងទាំងមូលមាន៥០ភាគ តែភាពយឺតយ៉ាវបណ្ដាលមកពី សម្បើមស័ក្ដ មិនមានពេលវេលាថតគ្រប់គ្រាន់។ដូច្នេះហើយទើបខាងក្រុមហ៊ុនសម្រេចកាត់ប្លង់មួយចំនួនចោលបានតែ ៣៨ភាគប៉ុណ្ណោះឲ្យទៅប៉ុស្តិ៍ទូរទស្សន៍ដាក់បញ្ចាំង។លោកថា៖” ខ្ញុំបានបញ្ចេញឯកសារបណ្ដឹងមួយចំនួន ដែលមេធាវីតំណាងឲ្យក្រុមហ៊ុន បានជូនដំណឹងឲ្យ សម្បើមស័ក្ដ មកបំពេញការងារឲ្យចប់សព្វគ្រប់ដើម្បីកុំឲ្យមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬ ត្រូវបង្កកប្រាក់មិនទាន់បើក”។
កាន់តែឡើងកម្តៅតារាសម្តែងហង្ស សម្បើមស័ក្កបានទម្លាយសារជាច្រើនជុំវិញករណីនេះ។ លោកថាភាពយន្តរឿង “សង្គ្រាមមរតក” បានចាប់ផ្តើមថតចាប់តាំងពីចុងឆ្នាំ២០១៦មកម្ល៉េះ គ្រាដែលលោកនៅជាប់ជាបុគ្គលិកកុងត្រា និងរហូតធ្វើការផ្លាស់ប្តូរអស់អ្នកដឹកនាំសម្តែងជាច្រើនរូប។ លោកថាក្រោយថតបានមួយផ្នែកក្រុមការងារត្រូវទុកចោលភាពយន្តនេះហើយចេញទៅថតភាពយន្តថ្មីរហូតពន្យាពេលថតជាច្រើនខែ។ ក្រោយបញ្ចប់កិច្ចសន្យាជាបុគ្គលិកលោកនៅតែបំពេញការងារសម្តែងភាពយន្តនេះរហូតស្ទើតែចប់សប់គ្រប់ ប៉ុន្តែផលិតកម្មមិនបានគោរពតាមកិច្ចសន្យាក្នុងការបើកប្រាក់ឲ្យជាមួយនឹងការពន្យាពេល និងមានការឆ្លើយតបទើបលោកដាច់ចិត្តបង្ហោះសារស្វែងរកដំណោះស្រាយប៉ុន្តែបែជាជួបជាមួយនឹងពាក្យប្រមាថពីលោកអ៊ិន សុភិន ទៅវិញ៕ ដោយ វឌ្ឍនា