សង្គ្រាមពាក្យសម្តីរវាងហង្ស សម្បើមស័ក្ក និងថៅកែផលិតកម្មមហាហង្សកាន់តែក្តៅ

ចែករំលែក៖

ភ្នំពេញ៖ ​​តារា​សម្ដែង ហង្ស សម្បើមស័ក្ដ បានបង្ហោះ​សារ​ទារ​លុយ​​ផលិតកម្ម​មហា​ហង្ស​ជុំវិញ​ការ​ថត​រឿង​ “សង្គ្រាម​មរតក” ​ដែល​បញ្ចាំង​​​ឡើង​ចប់​ទៅ​ហើយ​មិន​ទាន់​​​បាន​បើក​លុយ​នៅ​សល់​នោះ​បាន​ធ្វើ​ឲ្យ​ អគ្គនាយកផលិតកម្មនេះចេញមុខវាយប្រហាយ៉ាងចាស់ដៃ។

នេះមិនមែនជាលើកទី១ទេដែលតារាសម្ដែងបង្ហោះសារនៅលើទំព័រហ្វេសប៊ុក សុំបើកលុយបង្រ្គប់ពីផលិតកម្មមហាហង្ស។ ស្រដៀងគ្នានេះដែរតារាសម្តែង ហង្ស សម្បើមស័ក្ក បានទម្លាយសារស្វែងរកដំណោះស្រាយនៃការខកខានទូទាត់លុយអស់រយៈពេលជាយូមកហើយ។

ឆ្លើយតបនឹងការបង្ហោះសារដែលធ្វើឲ្យរឿងនេះឆេះឡើង​លោក អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​​ឲ្យ​ដឹង​ថា ហេតុ​ផល​​​​​ដែល​ខាង​ផលិតកម្ម​មិន​ព្រម​បើក​លុយ​ ៥០​ភាគ​រយ​ទៀត​ឲ្យ​ ហង្ស សម្បើមស័ក្ដ គឺ​បណ្ដាល​មក​ពី​​តារា​សម្ដែង​រូប​នេះ​មិន​បាន​មក​ថត​​រឿង​«សង្គ្រាមមរតក» ទៅ​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​នោះ​ទេ។ ដោយ​​សាច់​រឿង​ទាំង​មូល​មាន​៥០ភាគ តែ​ភាព​យឺត​យ៉ាវ​បណ្ដាល​មក​ពី​ សម្បើមស័ក្ដ​ មិន​មាន​ពេល​វេលា​ថត​គ្រប់​គ្រាន់។ដូច្នេះ​ហើយ​ទើប​​ខាង​ក្រុម​​ហ៊ុន​​សម្រេច​កាត់​ប្លង់​មួយ​ចំនួន​ចោល​បាន​តែ​ ៣៨​ភាគ​ប៉ុណ្ណោះ​ឲ្យ​ទៅ​ប៉ុស្តិ៍​​ទូរទស្សន៍​ដាក់​បញ្ចាំង។លោក​ថា៖” ខ្ញុំ​បាន​បញ្ចេញ​ឯកសារ​បណ្ដឹង​មួយ​ចំនួន​ ដែល​មេធាវី​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ បាន​ជូន​ដំណឹង​ឲ្យ​ សម្បើមស័ក្ដ មក​បំពេញ​ការងារ​ឲ្យ​​ចប់​សព្វ​គ្រប់​​​ដើម្បី​កុំឲ្យ​មាន​ការ​សង​ថ្លៃ​ខូច​ខាត​របស់​ផលិតកម្ម​ ឬ ត្រូវ​បង្កក​​ប្រាក់​មិន​ទាន់​បើក”។

កាន់តែឡើងកម្តៅតារាសម្តែងហង្ស សម្បើមស័ក្កបានទម្លាយសារជាច្រើនជុំវិញករណីនេះ។ លោកថាភាពយន្តរឿង “សង្គ្រាមមរតក” បានចាប់ផ្តើមថតចាប់តាំងពីចុងឆ្នាំ២០១៦មកម្ល៉េះ គ្រាដែលលោកនៅជាប់ជាបុគ្គលិកកុងត្រា និងរហូតធ្វើការផ្លាស់ប្តូរអស់អ្នកដឹកនាំសម្តែងជាច្រើនរូប។ លោកថាក្រោយថតបានមួយផ្នែកក្រុមការងារត្រូវទុកចោលភាពយន្តនេះហើយចេញទៅថតភាពយន្តថ្មីរហូតពន្យាពេលថតជាច្រើនខែ។ ក្រោយបញ្ចប់កិច្ចសន្យាជាបុគ្គលិកលោកនៅតែបំពេញការងារសម្តែងភាពយន្តនេះរហូតស្ទើតែចប់សប់គ្រប់ ប៉ុន្តែផលិតកម្មមិនបានគោរពតាមកិច្ចសន្យាក្នុងការបើកប្រាក់ឲ្យជាមួយនឹងការពន្យាពេល និងមានការឆ្លើយតបទើបលោកដាច់ចិត្តបង្ហោះសារស្វែងរកដំណោះស្រាយប៉ុន្តែបែជាជួបជាមួយនឹងពាក្យប្រមាថពីលោកអ៊ិន សុភិន ទៅវិញ៕ ដោយ វឌ្ឍនា

...

​​​​​​​​​​


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print