គ្មានលុយមួយរៀលមករកទិញម៉ូតូគេត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖បុរស់ម្នាក់បានមករកទិញម៉ូតូមួយកន្លែងហើយបានសុំម៉ូតូសាកបន្តិចបែជាជិះយកទៅបាត់តែត្រូវបុគ្គលិកហាងជិះតាមឃាត់ខ្លូនប្រគល់អោយសមត្ថកិច្ច​បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃពុធ​ ៣រោច​ ខែស្រាណ៍​ឆ្នាំច​សំរឹទ្ធ​ស័ក​ ពស២៥៦២​ ត្រូវនិង​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
បុរស​ខាងលើ​ឈ្មោះ ទ្រី ផល្លា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ផ្ទះ​ជួល​ភូមិ ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង​។
តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​របស់​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ឃើញ​បុរស​ម្នាក់បានមកសួររកទិញម៉ូតូធំ​មួយ​គ្រឿង​ម៉ាក​ស៊ី​ប៊ី ហៅ​ខូ​ហ្វេ ដោយម្ចាស់ហាងដាក់ក្នុង​តំលៃ​១៥០០​ដុល្លារ​។ បន្ទាប់មកបុរសខាងលើក៏សុំអោយម្ចាស់ហាងបញ្ចុះតម្លៃបន្តិចទើបម្ចាស់ហាងបញ្ចុះសល់១៤៨០ដុល្លារពេលនោះ​បុរស​ខាងលើ​សុំ​ជិះ​ម៉ូតូ​សាក​បន្តិច ហើយ​ម្ចាស់​ម៉ូតូ​ខាងលើ​ក៏​បានឱ្យ​ជិះ​សាក​។
ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​បុរស​នោះ​ជិះ​ម៉ូតូ​សាក ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​បានឱ្យ​បុគ្គលិក​របស់​ខ្លួន​ជិះ​ម៉ូតូ​តាម ព្រោះ​ដោយ​មានការ​សង្ស័យ ហើយ​បន្ទាប់​មក​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​​យក​ទៅ​លាង ហើយ​បុគ្គលិក​លក់​ម៉ូតូ​បាន​ជិះ​តាម​រហូត​ដោយ​មិន​ឱ្យ​បុរស​ខាងលើ​ដឹង​ឡើយ​។ លុះ​ពេល​លាង​ម៉ូតូ​រួច​ហើយ ម៉ូតូ​នោះ​អត់​ដំណើរការ បុរស​ខាងលើ​បាន​បណ្តើរ​ម៉ូតូ​ចេញ​ទៅ តែ​មិន​បណ្តើរ​ម៉ូតូ​នោះ​យក​ទៅ​កន្លែង​លក់​ម៉ូតូ​ឡើយ បែរជា​បណ្តើរ​ទៅ​រឹតតែ​ឆ្ងាយ​ទាំង​មេឃ​កំពុង​តែ​ភ្លៀង ដោយ​ធ្វើ​ឲ្យ​មានការ​សង្ស័យ ម្ចាស់​ម៉ូតូ​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស​ខាងលើ​ដើម្បី​ឆែកឆេរ តែ​មិន​​ឃើញមាន​​លុយ​សោះ ទាំង​ខ្លួន​រក​ទិញ​ម៉ូតូ​គេ​ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ ។
តាម​ចម្លើយ​សារភាព​របស់​បុរស​ខាងលើ​បាន​និយាយ​ថា ខ្លួន​មិន​មាន​បំណង​ចង់​យក​ម៉ូតូ​នោះ​ឡើយ គ្រាន់តែ​យក​ម៉ូតូ​ទៅ​ឲ្យ​ម្តាយ​របស់​ខ្លួន​មើល​សិន​តែ​ប៉ុណ្ណោះ​។
​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​និយាយ​ថា ពេលសមត្ថកិច្ច​រកឃើញ ស្រាប់តែ​បុរស​ខាងលើ​នោះ​មាន​ពាក់​កាត​ទូរទស្សន៍​ហង្ស​មាស ហើយ​បាន​អះអាង​ថា​ ខ្លួន​ជា​អ្នក​សារព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​តាម​បណ្ដា​ខេត្ត​នានា បន្ទាប់​មក​សមត្ថកិច្ច​បាន​ឆែក​មើល​កាត​ព័ត៌មាន​ខាងលើ គឺ​ហួស​សុពលភាព ដែល​ផុតកំណត់​តាំងពី​ឆ្នាំ​២០១៧​មក​ម៉្លេះ​។
ក្រោយ​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ឡើយ​ដោយ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​បន្ទាប់​មក​សមត្ថកិច្ច​បាន​ឲ្យ​បុរស​ខាងលើ​មាន​អ្នកតំណាង​មក​ធានា​និង​ឲ្យត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print