បើអង្គការ WTO មិននៅខាងអាមេរិក លោកត្រាំនិងដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកនេះ

ចែករំលែក៖

សហរដ្ឋអាមេរិក៖  ពិតជារឿងមួយ គួរឲ្យអាម៉ាស់សម្រាប់ អាមេរិក ក្រោយពេលប្រធានាធិបតីដូណាលត្រាំបានប្រកាសថា លោកនឹងដកអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO ​ប្រសិនបើ អង្គការនេះ មិនគាំទ្រអាមេរិកនោះ ។ 

 លោកត្រាំក៏បានថ្កោលទោស ទៅលើ​អង្គការពាណិជកម្មកំពូលមួយនេះ ។

ក្រុមអ្នកឯកទេស បានលើកឡើងថា ប្រសិនបើអារិកដកខ្លួនចេញពី អង្គការពាណិជកម្មពិភពលោកនោះ​ ប្រទេសនេះនឹងក្លាយជា «មហាអំណាចឯកកោ»លើឆាកអន្តរជាតិ ។ កន្លងមក អាមេរិក ក៏បានដកខ្លួនចេញពីអង្គការកំពូលៗរបស់ពិភពលោក និងកិច្ចព្រមព្រៀង ជាច្រើន ក្នុងរយះពេលជិតពីរ ឆ្នាំនៃការកាន់អំណាចដឹកនាំអាមេរិករបស់លោកត្រាំ ។ កន្លងមក លោកត្រាំបានដកអាមេរិកចេញពីអង្គការសិទ្ធិមនុស្ស អន្តរជាតិ ដោយសារតែមិនគាំទ្រអាមេរិក នៅក្នុងបញ្ហាអីស្រាអែល និងជេរ៉ូសាឡេម និងបានដកខ្លួនចេញពីអង្គការ UNESCO , ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែល មានប្រទេសជិត​២០០បានចុះកិច្ចព្រមព្រៀង , ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអីរ៉ង់ ដែលមានប្រទេសចុះហត្ថលេខាដល់ទៅ​៧ប្រទេសផងដែរ ។ 

     សារព័ត៌មាន​ Bloomberg ​បានដកស្រង់សម្តីលោកត្រាំ បញ្ជាក់ថា «ប្រសិនបើអង្គការពាណិជ្ជកម្មពិភពលោកមិនកែប្រែ ខ្ញុំនឹងដកអាមេរិកចេញពី​​WTO »។ ការដែលអាមេរិកដកខ្លួនចេញពីអង្គការ​ WTO នឹងជះឥទ្ធិពលអាក្រក់បំផុតដល់សេដ្ឋកិច្ចពិភពលោក ជាងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកទៅទៀត ដោយបានបំផ្លាញ ប្រព័ន្ធពាណិជ្ជកម្ម ដែលអាមេរិកខិតខំចំណាយ​កម្លំាងក្នុងការបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ​។

   កាលពីខែកក្កដាកន្លងមក ប្រធានាធិបតីដូណាលត្រាំបានប្រកាសថា អាមេរិកជួបនៅបញ្ហាជាច្រើននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក  ដោយអង្គការនេះ មិនផ្តល់តម្លាភាព គាំទ្រដល់អាមេរិកជាច្រើនឆ្នាំកន្លងមក  ។លោកត្រាំបញ្ជាក់ថា អង្គការមួយនេះគួរតែ ផ្លាស់ប្តូរ វិធីសាស្ត្រ របស់ខ្លួន។

នៅពេលនេះ ដំណាងពាណិជ្ជកម្មអាមេរិក លោក​ Robert Lighthizer ​បានបញ្ជាក់ថា ការអនុញ្ញាតឲ្យចិនចូលជាសមាជិក​អង្គការ​WTO គឺជាកំហុសឆ្គង​ដោយសារតែអង្គការមួយនេះមិនមានសមត្ថភាពទប់ទល់ នឹងចិនដែលមិនកសាងសេដ្ឋកិច្ចទីផ្សា​រ។  លោកធ្លាប់បានអំពាវនាវ​អាមេរិក  ចាត់វិធានការ តឹងតែងជាមួយអង្គការ​ WTO ។ លោកបន្តទៀតថា ប្រព័ន្ធដោះស្រាយវិវាទរបស់​ WTO បានបំពានអធិបតេយ្យរបស់អាមេរិក  ពិសេសគឺបញ្ហា លក់បំផ្លាញតម្លៃ ។ អាមេរិកបានរារាំង ការតែងតាំង ចៅក្រម​ចូលទៅក្នុង WTO  បង្កក្តីបារម្ភពីការផ្អាកដំណើរការ​នៃអង្គការនេះនៅពេលខាងមុខ នោះផង។

  ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកទល់ពេលនេះ ប្រធានាធិបតីអាមេរិកជាច្រើនជំនាន់ បាននាំមុខនៅក្នុងការបង្កើតនិង ពង្រឹងច្បាប់ពាណិជ្ជកម្មនៅលើពិភពលោក ដោយយល់ថា ជាការនាំមកនៅស្ថេរភាពសេដ្ឋកិច្ច​ដល់ពិភពលោក។

សារព័ត៌មាន​ Bloomberg ​បានផ្សាយថា ការដែលអង្គការ​WTO ​ត្រូវបានបង្កើតឡើងនៅឆ្នាំ​១៩៩៤ ដោយមានការខិតខំរបស់ប្រទេសជាច្រើន ដែលដឹកនាំដោយអាមេរិក ក្នុងគោលដៅបង្កើតវេទិការ ដើម្បីដោះស្រាយ វិវាទពាណិជ្ជកម្ម។ កន្លងមក មន្ត្រីអាមេរិក មិនពេញចិត្តទៅលើសកម្មភាព របស់ចៅក្រម WTO​តែងតែចេញសេចក្តីសម្រេច អវិជ្ជមានដល់អាមេរិក មិនគាំទ្រអាមេរិក ពិសេសគឺនៅក្នុងការលក់បំផ្លាញតម្លៃ។

 

សារព័ត៌មាន​ Bloomberg ​បានដកស្រង់របាយការណ៍ពីមជ្ឈមណ្ឌុលស្រាវជ្រាវ Cato ​មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន បង្ហាញឲ្យឃើញថា បណ្តាប្រទេសដែលបានដាក់ពាក្យតវ៉ាឡើងទៅកាន់​WTO ​តែងតែទទួលបានជ័យជំនះ ។ ចំណែកអ្នកជាប់ចោទត្រូវចាញ់ជានិច្ច។ កន្លងមក អាមេរិក បានចាញ់នៅក្នុងការប្តឹងផ្ទាល់នៅ​ WTO មានរហូតដល់ជាង​៩០ភាគរយ ។ 

 

សហគមន៍អឺរ៉ុប កំពុងដឹកនាំនៅក្នុងការកែប្រែដើម្បីកាត់បន្ថយវិវាទរវាងអាមេរិក និង WTO ។ កាលពីសប្តាហ៍កន្លងមក  មន្ត្រីអឺរ៉ុប និងជប៉ុនបានទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សា លើបញ្ហាទាំងនោះ ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print