សហរដ្ឋអាមេរិក៖ ពិតជារឿងមួយ គួរឲ្យអាម៉ាស់សម្រាប់ អាមេរិក ក្រោយពេលប្រធានាធិបតីដូណាលត្រាំបានប្រកាសថា លោកនឹងដកអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO ប្រសិនបើ អង្គការនេះ មិនគាំទ្រអាមេរិកនោះ ។
លោកត្រាំក៏បានថ្កោលទោស ទៅលើអង្គការពាណិជកម្មកំពូលមួយនេះ ។
ក្រុមអ្នកឯកទេស បានលើកឡើងថា ប្រសិនបើអារិកដកខ្លួនចេញពី អង្គការពាណិជកម្មពិភពលោកនោះ ប្រទេសនេះនឹងក្លាយជា «មហាអំណាចឯកកោ»លើឆាកអន្តរជាតិ ។ កន្លងមក អាមេរិក ក៏បានដកខ្លួនចេញពីអង្គការកំពូលៗរបស់ពិភពលោក និងកិច្ចព្រមព្រៀង ជាច្រើន ក្នុងរយះពេលជិតពីរ ឆ្នាំនៃការកាន់អំណាចដឹកនាំអាមេរិករបស់លោកត្រាំ ។ កន្លងមក លោកត្រាំបានដកអាមេរិកចេញពីអង្គការសិទ្ធិមនុស្ស អន្តរជាតិ ដោយសារតែមិនគាំទ្រអាមេរិក នៅក្នុងបញ្ហាអីស្រាអែល និងជេរ៉ូសាឡេម និងបានដកខ្លួនចេញពីអង្គការ UNESCO , ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែល មានប្រទេសជិត២០០បានចុះកិច្ចព្រមព្រៀង , ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអីរ៉ង់ ដែលមានប្រទេសចុះហត្ថលេខាដល់ទៅ៧ប្រទេសផងដែរ ។
សារព័ត៌មាន Bloomberg បានដកស្រង់សម្តីលោកត្រាំ បញ្ជាក់ថា «ប្រសិនបើអង្គការពាណិជ្ជកម្មពិភពលោកមិនកែប្រែ ខ្ញុំនឹងដកអាមេរិកចេញពីWTO »។ ការដែលអាមេរិកដកខ្លួនចេញពីអង្គការ WTO នឹងជះឥទ្ធិពលអាក្រក់បំផុតដល់សេដ្ឋកិច្ចពិភពលោក ជាងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកទៅទៀត ដោយបានបំផ្លាញ ប្រព័ន្ធពាណិជ្ជកម្ម ដែលអាមេរិកខិតខំចំណាយកម្លំាងក្នុងការបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
កាលពីខែកក្កដាកន្លងមក ប្រធានាធិបតីដូណាលត្រាំបានប្រកាសថា អាមេរិកជួបនៅបញ្ហាជាច្រើននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដោយអង្គការនេះ មិនផ្តល់តម្លាភាព គាំទ្រដល់អាមេរិកជាច្រើនឆ្នាំកន្លងមក ។លោកត្រាំបញ្ជាក់ថា អង្គការមួយនេះគួរតែ ផ្លាស់ប្តូរ វិធីសាស្ត្រ របស់ខ្លួន។
នៅពេលនេះ ដំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានបញ្ជាក់ថា ការអនុញ្ញាតឲ្យចិនចូលជាសមាជិកអង្គការWTO គឺជាកំហុសឆ្គងដោយសារតែអង្គការមួយនេះមិនមានសមត្ថភាពទប់ទល់ នឹងចិនដែលមិនកសាងសេដ្ឋកិច្ចទីផ្សារ។ លោកធ្លាប់បានអំពាវនាវអាមេរិក ចាត់វិធានការ តឹងតែងជាមួយអង្គការ WTO ។ លោកបន្តទៀតថា ប្រព័ន្ធដោះស្រាយវិវាទរបស់ WTO បានបំពានអធិបតេយ្យរបស់អាមេរិក ពិសេសគឺបញ្ហា លក់បំផ្លាញតម្លៃ ។ អាមេរិកបានរារាំង ការតែងតាំង ចៅក្រមចូលទៅក្នុង WTO បង្កក្តីបារម្ភពីការផ្អាកដំណើរការនៃអង្គការនេះនៅពេលខាងមុខ នោះផង។
ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកទល់ពេលនេះ ប្រធានាធិបតីអាមេរិកជាច្រើនជំនាន់ បាននាំមុខនៅក្នុងការបង្កើតនិង ពង្រឹងច្បាប់ពាណិជ្ជកម្មនៅលើពិភពលោក ដោយយល់ថា ជាការនាំមកនៅស្ថេរភាពសេដ្ឋកិច្ចដល់ពិភពលោក។
សារព័ត៌មាន Bloomberg បានផ្សាយថា ការដែលអង្គការWTO ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយមានការខិតខំរបស់ប្រទេសជាច្រើន ដែលដឹកនាំដោយអាមេរិក ក្នុងគោលដៅបង្កើតវេទិការ ដើម្បីដោះស្រាយ វិវាទពាណិជ្ជកម្ម។ កន្លងមក មន្ត្រីអាមេរិក មិនពេញចិត្តទៅលើសកម្មភាព របស់ចៅក្រម WTOតែងតែចេញសេចក្តីសម្រេច អវិជ្ជមានដល់អាមេរិក មិនគាំទ្រអាមេរិក ពិសេសគឺនៅក្នុងការលក់បំផ្លាញតម្លៃ។
សារព័ត៌មាន Bloomberg បានដកស្រង់របាយការណ៍ពីមជ្ឈមណ្ឌុលស្រាវជ្រាវ Cato មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន បង្ហាញឲ្យឃើញថា បណ្តាប្រទេសដែលបានដាក់ពាក្យតវ៉ាឡើងទៅកាន់WTO តែងតែទទួលបានជ័យជំនះ ។ ចំណែកអ្នកជាប់ចោទត្រូវចាញ់ជានិច្ច។ កន្លងមក អាមេរិក បានចាញ់នៅក្នុងការប្តឹងផ្ទាល់នៅ WTO មានរហូតដល់ជាង៩០ភាគរយ ។
សហគមន៍អឺរ៉ុប កំពុងដឹកនាំនៅក្នុងការកែប្រែដើម្បីកាត់បន្ថយវិវាទរវាងអាមេរិក និង WTO ។ កាលពីសប្តាហ៍កន្លងមក មន្ត្រីអឺរ៉ុប និងជប៉ុនបានទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សា លើបញ្ហាទាំងនោះ ៕
ដោយ៖ មែវ សាធី