ភ្នំពេញ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានវាយខ្នោះដៃជូនយុវជនសង្ស័យម្នាក់ បន្ទាប់ធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីរងគ្រោះម្នាក់បានសម្រេច ប៉ុន្តែរត់គេចខ្លួនមិនរួច ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅចំណុចមុខផ្ទះជួលលក់ដូរមួយកន្លែង ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ជា វណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វត្ថុតាងដកហូតខ្សែកប្លាកទីន ចំនួន ១ខ្សែ ទង្ងន់៣ជី ជាកម្មសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះ អ៊ិន ស្រីសោភ័ណ្ឌ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ មីឆា បាយឆា មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង ១៥ និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនរងគ្រោះរងគ្រោះ និងប្តី បានជញ្ជូនរបស់របរសម្រាប់លក់មីឆា និងបាយ នៅក្នុងមុខផ្ទះជួល ខាងជើងហាងនំប៉័ង ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ លុះរហូតដល់វេលាម៉ោង ២០ និង០០នាទី យប់ថ្ងៃខែដដែល ស្រាប់តែលិចជនសង្ស័យដើរឆ្លងផ្លូវ២១៧ ពីកើតទៅលិច ចូលមកកន្លែងលក់ មីឆា បាយឆា របស់ជនរងគ្រោះ ។
សមត្ថកិច្ចប្រាប់បន្តទៀតថា គ្រាហ៍នោះជនរងគ្រោះស្មានតែភ្ញៀវមករកហូបអាហារ ក៏សួរថា ពូ ពូ ត្រូវការហូបអី ? ប៉ុន្តែជនសង្ស័យមិនបានឆ្លើយតបនោះទេ មិនយូរប៉ុន្មានជនសង្ស័យក៏បានធ្វើសកម្មភាពទាញបណ្តាច់ខ្សែកពីកជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនចូលទៅក្នុងភូមិ ។ ភ្លាមនោះប្តីជនរងគ្រោះបានស្រវ៉ាស្ទុះរត់ដេញតាមពីក្រោយ ព្រមទាំងស្រែកថា ចោៗ បង្កការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចេញជួយអន្តរាគមន៍ តាមចាប់ក្របួចជនសង្ស័យជាប់ វាយខ្នោះ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមច្បាប់ ។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា រូបគេ ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទ និងខ្សែក ដោយថ្មើរជើង បានសម្រេច ចំនួន ២លើករួចមកហើយ ប៉ុន្តែលើកទី៣នេះ គឺរូបគេឆក់ខ្សែកបានសម្រេចហើយដែរ ប៉ុន្តែរត់គេចមិនរួច ក៏ត្រូវសមត្ថកិច្ចតាមក្របួចចាប់ខ្លួនរូបគេជាប់តែម្តង ព្រមទាំងដកហូតវត្ថុតាងខ្សែកប្លាកទីន ចំនួន ១ខ្សែ ទង្ងន់៣ជី ប្រគល់ជូនជនរងគ្រោះវិញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសទៅតាមនីតិវិធី ៕
ដោយ៖ ភារ៉ា ដង្កោ