ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរ៉ឺម៉ក(កង់)លក់ការ៉េមកី ខណៈកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងបណ្តាលឲ្យភាគីអ្នកលក់ ការ៉ែមម្នាក់ស្លាប់ ឯរថយន្តក្រឡាប់ធ្លាក់ពីផ្លូវ
ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃ សុក្រ ១២ កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូមែត្រ លេខ៧៧-៧៨ ស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់បុរសម្នាក់ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស គ្មានស្លាកលេខមួយគ្រឿង បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់(ក្រោយកើតហេតុរត់គេចខ្លួនបាត់) បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ចំណែកអ្នកជិះរ៉ឺម៉កការ៉ែមឈ្មោះ ប៉ាន់ វ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ការ៉េមកី រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជិះក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូតទៅបុករ៉ឺម៉កលក់ការ៉េមកីទាំងកំរោល បណ្តាលឲ្យអ្នកលក់ការ៉េមកីស្លាប់នៅកន្លែងកើតហេតុតែម្តង។ ចំណែករថយន្តបានក្រឡាប់ ធ្លាក់ពីលើផ្លូវបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ហើយភ្លាមនោះក៏បានរត់គេចពីកន្លែងកើតហេតុបាត់ទៅ ។
ក្រោយកើតហេតុ កម្លាំងជំនាញនគរបាលចរាចរណ៍នៃអធិការដ្ឋានក្រុងសំរោងបានទៅដល់វាស់វែងរួចហើយបានយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅអធិការដ្ឋាននគរបានក្រុងសំរោងរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ និង បានប្រគល់សាកសពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ត្រូវបានសាក្សីប្រាប់សមត្ថកិច្ចថា គឺបណ្តាលមកពីភាគីរថយន្តបើកល្បឿនលឿនត្រង់ផ្លូវកោងមិនប្រយ័ត្ន ៕