រថយន្តកាមរី​បា​ឡែ​ន បុករ៉ឺម៉កកង់លក់ការ៉េមកីធ្លាក់ថ្នល់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ៖  មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើងរវាង​រថយន្ត និង​រ៉ឺម៉ក​(កង់)​លក់​ការ៉េមកី ខណៈកំពុងបើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជើងបណ្តាលឲ្យភាគីអ្នកលក់ ការ៉ែមម្នាក់ស្លាប់ ឯរថយន្តក្រឡាប់ធ្លាក់ពីផ្លូវ

ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃ សុក្រ ១២ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៦៨ ចន្លោះ​បង្គោល​គីឡូ​មែត្រ លេខ៧៧-៧៨ ស្ថិតនៅ​ភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្ត​ម៉ាកតូយ៉ូតា កាមរី​បា​ឡែ​ន ពណ៌​ស គ្មាន​ស្លាក​លេខមួយគ្រឿង បើកបរ​ដោយជន មិន​ស្គាល់​អត្តសញ្ញាណម្នាក់(ក្រោយកើតហេតុ​រត់គេចខ្លួន​បាត់​) បានធ្វើដំណើរក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ចំណែក​អ្នកជិះ​រ៉ឺម៉ក​កា​រ៉ែ​ម​ឈ្មោះ ប៉ាន់ វ៉ាន់ ភេទ​ប្រុស អាយុ៥២ឆ្នាំ មុខរបរ​លក់​កា​រ៉េមកី រស់នៅ​ភូមិ ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះមកដល់កន្លែង​កើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូតទៅបុករ៉ឺម៉កលក់ការ៉េមកីទាំងកំរោល បណ្តាលឲ្យអ្នកលក់ការ៉េមកីស្លាប់​នៅ​កន្លែងកើតហេតុតែម្តង។ ចំណែករថយន្តបានក្រឡាប់ ធ្លាក់ពីលើផ្លូវបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ហើយភ្លាមនោះក៏បានរត់គេចពីកន្លែង​កើតហេតុបាត់ទៅ ។

 ក្រោយកើតហេតុ កម្លាំង​ជំនាញ​នគរបាលចរាចរណ៍នៃអធិការដ្ឋាន​ក្រុង​សំរោង​បានទៅដល់វាស់វែង​រួចហើយ​បាន​យក​វត្ថុតាង​ទាំងសងខាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ក្រុង​សំរោងរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ និង ​បានប្រគល់សាកសព​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ត្រូវបានសាក្សីប្រាប់សមត្ថកិច្ចថា គឺបណ្តាលមកពីភាគីរថយន្ត​បើក​ល្បឿន​លឿន​ត្រង់​ផ្លូវ​កោងមិនប្រយ័ត្ន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print