ប៉ាឡេស្ទីនដាក់លិខិតប្តឹងអាមេរិក ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ​

ចែករំលែក៖

ប៉ាឡេស្ទីនបានដាក់ ពាក្យបណ្តឹង ប្តឹងអាមេរិកឡើងទៅកាន់តុលាការ​យុត្តិធម៌អន្តរជាតិ​ពាក់ព័ន្ធនិង ការផ្លាស់ប្តូរ ស្ថានទូតអាមេរិក ពីទីក្រុង Tel Aviv ​ទៅកាន់ ជេរ៉ូសាឡឹម។

តាមសន្ធិសញ្ញា ទីក្រុង Vienna ​ស្តីពីទំនាក់ទំនងការបរទេសឆ្នាំ១៩៦១ ភារៈកិច្ចប្រទេស ពេលបញ្ជូនតំណាងការបរទេស គឺត្រូវស្ថិតនៅលើទឹកដីស្របច្បាប់  ។ ការប្តូរស្ថានទូត​ពីទីក្រុង Tel Aviv ​ទៅកាន់ជេរ៉ូសាឡឹម គឺជាការបំពានច្បាប់ អន្តរជាតិ។

សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨បានផ្សាយថា  អាជ្ញាធរប៉ាឡេស្ទីន​បានស្នើឱ្យ​តុលាការយុត្តិធម៌ (​ICJ) បង្ខំឱ្យ​ទីក្រុងវ៉ាស៊ីតោន បិទស្ថានទូតអាមេរិក​ប្រចាំទីក្រុង​ហ្សេរុយសាឡឹម ដោយ​សំអាងថា វាបាន​រំលោភលើ​អនុសញ្ញាទីក្រុងវីយែន។

ការស្នើឡើង​ខាងលើរបស់អាជ្ញាធរ​ប៉ាឡេស្ទីន ធ្វើឡើងនៅក្នុង​ពាក្យបណ្ដឹង​ដាក់ជូន ICJ ប្រឆាំង​សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។ នៅក្នុងពាក្យ​បណ្ដឹងកម្រាស់​ជាង ១៤ទំព័រ បានចោទប្រកាន់ថា ការរើស្ថានទូតអាមេរិកក្នុងប្រទេស​អ៊ីស្រាអែល ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម គឺជាទង្វើរំលោភលើអនុសញ្ញា​ទីក្រុងវីយែន ស្ដីពីទំនាក់ទំនង​ការទូត​ចុះនៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១។

គួរបញ្ជាក់ថា អាជ្ញាធរ​ប៉ាឡេស្ទីន ក៏បានអំពាវនាវផងដែរ​ឱ្យតុលាការយុត្តិធម៌​អន្តរជាតិ ប្រកាសថា ការប្ដូរ​ស្ថានទូតអាមេរិក​ទៅកាន់ទីក្រុងហ្សេរុយសាឡឹម​ បានរំលោភលើច្បាប់ការទូតអន្តរជាតិ និងបង្ខំឱ្យ​ទីក្រុង​វ៉ាស៊ីនតោន ដករាល់បេសកកម្មការទូតរបស់ខ្លួន​ទាំងអស់ ចេញ​ពីទីក្រុងមួយនេះ​មកវិញ។

សហរដ្ឋអាមេរិក​បានបើកស្ថានទូត ​ប្រចាំទីក្រុងហ្សេរុយសាឡឹម​កាលពីខែឧសភា កន្លងទៅ​បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជា​សារធារណៈ ដោយទទួលស្គាល់ទីក្រុងបុរាណមួយនេះ គឺជារដ្ឋធានីរបស់អ៊ីស្រាអែល​កាលពីខែធ្នូ ឆ្នាំ២០១៧ ហើយ​ក៏បានបង្កអំពើហិង្សា​រវាងជនជាតិ​ប៉ាឡេស្ទីន​ និង​ទាហានអ៊ីស្រាអែល​នៅតំបន់ព្រំដែនហ្គាហ្សា-ស្ទ្រីព រហូតនាំឲមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print