យន្តហោះចម្បាំង ទំនើបបំផុតរបស់កម្លាំងទាហានអាមេរិក F-35 ដែលជាយន្តហោះដែល អីស្រាអែលគ្រោងនឹងប្រើប្រាស់ ដើម្បីវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដា មីស៊ីល S-300 របស់រុស្ស៊ីដែលបានបញ្ជូនទៅកាន់ស៊ីរី។
យន្តហោះចម្បាំងបំបាំងកាយខាងលើរបស់អាមេរិក ផលិតដោយក្រុមហ៊ុន ការពារជាតិអាមេរិក Lockheed Martin មានតម្លៃដល់ទៅ១១៥លានដុល្លារ។យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35B ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅក្នុងរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) ដែលស្ថិតចំងាយ ០៨គីឡូម៉ែត្រ ពីមូលដ្ឋានកងទ័ពជើងទឹក ប៊ីយូហ្វត (Beaufort Marine Corps Air Station)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីអាមេរិក ឧប្បទ្ទវហេតុខាងលើកើតឡើងជាលើកដំបូងបំផុត ដែលជាការខាតបង់លុយជាង ១១៥លានដុល្លារ ជាតម្លៃនៃយន្តហោះខាងលើ។ ចំណែកឯពីឡុតដែលបញ្ជាយន្ដហោះចម្បាំង ដ៏ទំនើបថ្លៃកប់ពពកមួយនេះបានចុចឆ័ត្រយោងចេញពីលើយន្ដហោះទាន់ពេលវេលា ហើយក៏មិនបានបង្កឱ្យជនស៊ីវិលណាម្នាក់រងរបួស ឬស្លាប់នោះដែរ។ ប៉ុន្តែភ្លាមៗបែបនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងដំណើរការ។
គួរបញ្ជាក់ថា ការធ្លាក់យន្ដហោះចម្បាំងនេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់មន្ទីរបញ្ចកោណបានទទួលស្គាល់ថា យន្ដហោះចម្បាំង F-35B បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូង ប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕
ដោយ៖ មែវ សាធី