ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកវាលវែងបង្រ្កាបក្មេងទំនើងចំនួន ៣នាក់រួមទាំងកាំងបិតចុងស្រួច បន្ទាប់ពីពួកគេអុកឡុកក្នុងវត្តអារាមនៅគ្រាដាក់ធុងបាស់រាំកំសាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌហើយក៍ជាវេនទី៧ទៅហើយនោះ។
ហេតុការណ៍បង្រ្កាបក្មេងទំនើងខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបរិវេណ(វត្តអន្លង់រាប) ស្ថិតក្នុងភូមិចំការជ្រៃខាងតជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្មេងទំនើងទាំងចំនួន ៣នាក់ត្រូវបានបង្រ្កាបទី១ ឈ្មោះ សួន វិចិត្ត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ សូត្រ ណុប ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ៣នាក់រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង(កាំបិតចុងស្រួចចំនួន ១)ផងដែរ។
លោក អធិការបន្តថា ការឃាត់ខ្លួនជនសង្ស័យរួមទាំងកាំបិតចុងស្រួចជាអាវុធទាំងចំនួន ៣នាក់ខាងលើ នៅគ្រាដែលពួកគេបានអុកឡុកបង្កបញ្ហានៅក្នុងវត្តអារាម ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដោយមានដាក់ធុងបាសរាំកំសាន្តផងនោះ ប៉ុន្តែពុំទាន់មានបង្កឲ្យប៉ះពាល់ធំដុំដូចជារបួសស្នាមនៅឡើយនោះទេ ដោយឡែកក្រុមគូរកនផ្សេងៗទៀតបានរត់គេចបាត់អស់ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានកំពុងចុះស្រាវជ្រាវ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ចំពោះជនសង្ស័យជាក្មេងទំនើងរួមទាំងវត្ថុតាងបាននាំមយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕
ដោយ បុឹម ពិន