ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបជនបរទេស បានសម្រេចហើយព្យាយាមជិះគេចខ្លួនបានប្រហែល៥០០ម៉ែត មកដល់ចំនុចផ្លូវ១៧២កែងនរោត្តមក៏ត្រូវកំលាំងល្បាតនិងប្រជាពលរដ្ឋដែលធ្វើដំនើរតាមផ្លូវឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងវត្តសារាវ័ន្តបាត់តែម្តង ។
ករណីខាងលើខាងនេះ កើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំនុចផ្លូវ១៧២កែងនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ឯក លី គឹមឡេង មេបញ្ជាការរង អហដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែរឃាត់ខ្លួនឈ្មោះ សំ ល័ក្ខភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកឆក់កាបូប រីឯជនសង្ស័យម្នាក់ទៀតដែលរត់ខ្លួនគឺជាអ្នកបើកម៉ូតូឈ្មោះ ឃីម អាយុប្រហែលជាង២០ឆ្នាំ ជាម្ចាស់ម៉ូតូ ។
ចំណែកឯវត្ថុតាងចាប់ដកហូតពីជនសង្ស័យមាន:ម៉ូតូ០១គ្រឿងម៉ាក ហុងដាវេវអាល់ហ្វា ពណ៏ខ្មៅគ្មានស្លាកលេខ, ទូរស័ព្ទ០១គ្រឿងម៉ាក NEWPHONE ចំនួន០១គ្រឿង ។
លោកអនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរង អហដូនពេញ បានបន្តទៀតថា នៅវេលាម៉ោង២១និង៣០នាទី ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាកវេវអាល់ហ្វា ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៧២ ពីលិចមកកើត ដល់ចំនុចមុខហាងម៉ាស្សាហ័រស៊ីស៊ិន លុះបើកមកល់ចំណុចខាងលើ ក៏ធ្វើសកម្មភាពឆក់កាបូបជនបរទេសបានសម្រេច ហើយក៏ជិះរត់គេចខ្លួនបានប្រហែល៥០០ម៉ែត ក៏ប្រទះជួបនិងកំលាំងសមត្ថកិ្ចដែលកំពុងល្បាតនិងប្រជាពលរដ្ឋដែលធ្វើដំនើរតាមផ្លូវនាំគ្នាដេញចាប់បានម្នាក់ រីឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងវត្តសារាវ័ន្តបាត់តែម្តង។ ភ្លាមនោះដែរជនរងគ្រោះជាជនជាតិបរទេសបានមកដល់ហើយវាយទៅលើជនសង្ស័យ២ទៅ៣ដៃ រួចទាញយកកាបូបរបស់ខ្លួនពីជនសង្ស័យវិញ រួចឡើងជិះម៉ូតូកង់៣ចេញទៅបាត់ដោយមិនបានដាក់ពាក្យប្តឹងនោះទេ ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានឆក់កាបូបរបស់ជនបរទេសពិតប្រាកដមែន រីឯបក្ខពួកដែលរត់គេចខ្លួននោះឈ្មោះ ឃីម ហើយពួកវាស្គាល់គ្នានៅក្រោយសាលាយុគន្ធរ ប៉ុន្តែមិនស្គាល់ផ្ទះឈ្មោះ ឃីម ទេនោះ ។
បច្ចប្បន្ន វត្ថុតាងនិងជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា