ភ្នំពេញ៖ បុរសជនជាតិរួមនឹងនារីម្នាក់ស្រវឹងស្រាបានវាយបុគ្គលិកចាក់សាំងស្ថានីយប្រេងឥន្ធនៈ PTTម្នាក់ចំនួន៣ដៃ ហើយពេលអ្នកយកព័ត៌មានទៅថតរូបភាពត្រូវបុរសបង្កបានដើរទៅពីក្រោយក៏បានវាយអ្នកយកព័ត៌មានមួយដៃទៀត ។
ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៧ វិច្ឆិកា នៅមុខស្ថានីយប្រេងឥន្ធនៈ PTT តាមមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិទួរគីម្នាក់មានអាយុជាង៣០ឆ្នាំ បើករថយន្តឡិចស៊ីុស RX300 ពណ៌ត្រីឆ្លូញ នៅក្នុងនោះស្រីម្នាក់ជាជនជាតិខ្មែរដែលរួមដំណើរជាមួយបានបើកបរក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់រថយន្តនៅមុខស្ថានីយប្រេងឥន្ធនៈ PTT ស្របពេលនោះបុគ្គលិកស្ថានីយប្រេងឥន្ធនៈ PTT ម្នាក់បានដល់ម៉ោងត្រូវបើកទ្វារលក់ដូរហើយក៏បានរុញរបងស្ថានីយទៅប៉ះនឹងរថយន្តបន្តិចសោះស្រាប់តែបុរសជនជាតិទួរគីនោះបានចុះពីលើរថយន្តហើយបានវាយបុគ្គលិកចាក់សាំងនោះចំនួន៣ដៃ ក៏ត្រូវបុគ្គលិកប្តឹងទៅសមត្ថកិច្ចឲ្យជួយធ្វើការអន្តរាគមន៍ ភ្លាមៗនោះអ្នកយកព័ត៌មានដែលនៅក្បែរនោះក៏បានឃើញហេតុការណ៍ផ្ទាល់ភ្នែកផងនោះក៏បានទៅថតយករូបភាពតែក៏ត្រូវស្រី្តម្នាក់ជាជនជាតិខ្មែរដែលរួមដំណើរជាមួយនិងជនបង្កខាងលើបានដើរទៅយកទូរស័ព្ទរបស់អ្នកយកព័ត៌មានដែលកំពុងតែថតរូបភាពនោះ ក្រោយមកជនបង្កបានដើរទៅពីក្រោយហើយវាយក្បាលអ្នកយកព័ត៌មានមួយដៃទៀត ។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ តែសមត្ថកិច្ចមិនហ៊ានឃាត់ជនបង្កយកទៅសាកសួរទេរហូតម៉ោងជិត៧ព្រឹកទើបសមត្ថកិច្ចនាំជនបង្កទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយគ្នា ៕
ដោយ៖ ស រស្មី