ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀន០១នាក់ត្រូវបានកម្លាំងនគរបាលនសការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញបង្ក្រាបចាប់ឃាត់ខ្លួន ហើយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីយកមកសាកសួរនិងអនុវត្តតាមនីតវិធីច្បាប់ ។
ការបង្ក្រាបសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៤និង១៨នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិខាងមុខខ្លោងទ្វារវត្តផ្លូវឡើងភ្នំកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ទន្ទឹមនោះ សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកចំនួន៣កូនថង់ស្មើនិងទម្ងន់២ក្រាម ថ្នាំញៀនមេតំហ្វេតាមីនwy៣០គ្រាប់ទម្ងន់៣.១ក្រាម និងទូរស័ព្ទចំនួន១គ្រឿងសម្រាប់ការទំនាក់ទំនងជាមធ្យោបាយប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់។ ជនសង្ស័យមានឈ្មោះ តូច សុធា ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់ នោភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងបទគ្រឿងញៀនខេត្តប្រាប់ឱ្យដឹងថា កម្លាំងនគរបាលការិយាល័យជំនាញចេញបង្ក្រាបចាប់ឃាត់ខ្លួនជនស្ស័យឈ្មោះ តូច សុធា សម្រេចបាននៅពេលនោះ ដោយកម្លាំងជំនាញចេញធ្វើការស្រាវជ្រាវ ស៊ើបអង្កេត អស់រយៈពេលជិតកន្លះខែទើបឈានដល់ការបង្ក្រាបបានជនសង្ស័យកំពុងតែធ្វើសកម្មភាពប្រព្រឹត្តបតល្មើសខុសច្បាប់នៅចំណុចខាងលើ។ការបង្ក្រាបនោះដែរ ក៏ដោយមានការសហការល្អពីប្រជាពលរដ្ឋផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើង នោះផងដែរ។ ជននេះជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនចល័ត ធ្វើឡើងក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយ សង្កាត់អូរអំបិល និងសង្កាត់ម្កាក់ ក្នុងក្រុងសិរីសោភ័ណ ហើយជូនកាលជននេះទៅធ្វើសកម្មភាពដល់ស្រុកមង្គលបុរី ទៀតផងដែរ ។សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ តូច សុធា នេះបាន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងទំបន់ខាងលើមានភាពសប្បាយរីករាយ កក់ក្តៅមិនមានការព្រួយបារម្មទៀតនោះឡើយ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបជនសង្ស័យចេញមូលដ្ឋានរបស់ពួកគាត់នោះ។
លោកនាយការិយាល័យបានបញ្ជាក់ទៀតថា តាមគោលការណ៍របស់លោកឧត្តមសេនីយ៍ អាត់ ខែមស្នងការនករបាលខេត្ត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំង ការិយាល័យជំនាញសហការនិងកម្លាំងអធិការដ្ឋានស្រុកក្រុងទាំង៩ ត្រូវតែមានវិធានការឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើការបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីកាត់បន្ថយនិងឈានលប់បំបាត់ទាំងស្រុងជុំវិញបញ្ហាគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យនោះ ។ ការបង្ក្រាបជនសង្ស័យខាងលើសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវស៊ើបង្កេតស្វែងរកចាប់ឃាត់ខ្លួនបក្ខពួកមេខ្លោងនៅពីក្រោយខ្នងជនសង្ស័យជាបន្តបន្ទាប់ទៀត ដើម្បីយកមកផ្តន្ទាតាមផ្លូវច្បាប់បន្ថែមទៀត ។
ជនសង្ស័យគ្រឿងញៀនខាងលើរួមនិងវត្ថុតាងថ្នាំ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានកម្លាំងការិយាល័យជំនាញចាប់បញ្ជូនទោកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា