ភ្នំពេញ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជាពិតជាមានមោនៈភាព និងកិត្ដិយសណាស់ ពេលដែលទទួលបានពានរង្វាន់សន្ដិភាពអន្ដរជាតិGUSI មកដល់កម្ពុជា តាមរយៈការទទួលពានរង្វាន់នេះកម្ពុជាក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់ក្រុមយុវជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ គ្រប់រូប មិនតែប៉ុណ្ណោះការទទួលបានពាន់រង្វាន់សន្ដិភាពអន្ដរជាតិ GUSI ពីប្រទេសហ្វីលីពីន នេះក៏ជាស្នារ ដៃក្នុងសកម្មភាព មនុស្សធម៌ និងអំពើល្អ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប របស់លោកហ៊ុន ម៉ានី ផងដែរ ដែលលោកបានខិតខំពុះពារ និងបង្កើតនូវគំនិតច្នៃប្រឌិត ដើម្បីបុព្វហេតុសង្គមកម្ពុជាទាំងមូល ។
លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការគាំទ្របែបនេះ ក្នុងខណៈដែលលោកស្រី ចូលរួម ទទួលអបអរសាទរ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ជូនចំពោះលោកហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក្នុងឱកាសដែល លោកបានទទួលពានរង្វាន់សន្តិភាពអន្តរជាតិGUSI សម្រាប់ការដឹកនាំយុវជន ក្នុងការងារមនុស្សធម៌និងការតស៊ូមតិដើម្បីបេតិកភណ្ឌវប្បធម៌ពីមូលនិធិGUSI នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ តាមរយៈការទទួលពានរង្វាន់នេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់លោក ហ៊ុន ម៉ានី ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលបានខិតខំពុះពារ និងបង្កើតនូវគំនិតច្នៃប្រឌិត ដើម្បីបុព្វហេតុសង្គមកម្ពុជាទាំងមូល ។
លោកស្រីបន្ដថា៖ក្នុចំណោមឥស្សរជនទាំង១៩រូប ដែលត្រូវបានទទួលពានរង្វាន់គឺមានតែព្រះរាជាណាចក្រកម្ពុជាទេ ដែលមានភាពវ័យក្មេងជាងគេនេះង្ហាញឲ្យឃើញថា កម្ពុជាបានបោះជំហានមួយផ្នែកទៀតក្នុងការដឹកនាំ និងអភិវឌ្ឍនប្រទេសឲ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត។
លោកស្រីបានរំលឹកថា៖ នៅវេលាម៉ោង៧, ២០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នោះ ពានរង្វាន់សន្តិភាព «The Gusi Peace Prize» ត្រូវបានប្រគល់ជូនឥស្សរជនខ្មែរដំបូងគេលោកហ៊ុន ម៉ានី ជាផ្លូវការហើយ នៅប្រទេសហ្វីលីពីន រួមនិងម្ចាស់ជ័យលាភីចំនួន ១៨នាក់ផ្សេងទៀតមកពីជុំវិញពិភពលោក។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ ដែលមានអាយុវ័យក្មេងជាងគេនៅកម្ពុជា បានក្លាយជាជនជាតិកម្ពុជា និងឥស្សរជនខ្មែរដំបូងគេ ទទួលបានពានរង្វាន់សន្តិភាព The Gusi Peace Prize ក្នុងភាពជាអ្នកដឹកនាំយុវជនការគោរពសិទ្ធិនិងជាអ្នកការពារស្រឡាញ់សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក។
លោកស្រីម៉ែន សំអន បានរំលឹកថា៖ ពានរង្វាន់សន្ដិភាពអន្ដរជាតិ Gusi Peace Prize ត្រូវបានបង្កើតឡើងដោយលោក Barry Gusi ក្នុងគោលបំណងឧទ្ទិសដល់ឪពុករបស់លោក គឺលោក Gemeniano Javier Gusi អតីតយុទ្ធជននាសម័យសង្គ្រាមលោកលើកទីពីរ ដែលបានតស៊ូរប្រយុទ្ធ ប្រឆាំងជប៉ុន ហើយក្រោយមកបានក្លាយជាអ្នកនយោបាយ និង ជាសកម្មជនសិទ្ធិមនុស្ស។ Gusi ជាអង្គការរបស់អាស៊ី ដែលសំខាន់បំផុត និង នាំមុខគេនៅលើពិភពលោកសព្វថ្ងៃនេះ។ ចំណុចសំខាន់ ដែលធ្វើឲ្យគណៈកម្មការទាំង២១ប្រទេស សម្រេចចិត្តជ្រើសរើស លោក ហ៊ុន ម៉ានី ជាម្ចាស់ពានរង្វាន់ពិភពលោកមួយនេះរួមមាន៖ ១. រក្សាឲ្យបាននូវសុខសុវត្ថិភាព យុត្តិធម៌ និងសេរីភាពរបស់យុវជន ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ វណ្ណៈសង្គម និង និន្នាការនយោបាយ ។ ២. លើកកម្ពស់ចលនាចូលរួមដោយស្ម័គ្រចិត្តរបស់យុវជននៅក្នុងការអភិវឌ្ឍ ថែរក្សាបូរណភាពទឹកដី សេចក្ដីថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព ។ ៣. លើកកម្ពស់ការថែទាំសុខភាព កំសាន្ត កីឡា និងសិល្បៈ ។ ៤. លើកទឹកចិត្តយុវជនក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់។ ៥. បង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយ អង្គការសហគមន៍ជាតិ និងអន្តរជាតិ ។ ៦.ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បំនិនជីវិតការអប់រំយុវជន ជាពិសេសការយកចិត្ដទុដាក់ជាមួយជនពិការ កុមារកំព្រា ជនអនាថា ស្ដ្រីម៉េម៉ាយ ជនចាស់ជរា និងជនក្រីក្រ ដែលកំពុងរស់នៅក្នុងសហគមន៏ ៕
ដោយ៖ សំរិត