ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ ខណ:ដែលតខ្សែភ្លើងឆក់ត្រីនៅវាលស្រែខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៨ នៅភូមិ- ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យិន វន្នី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកបណ្តាញអគ្គិសនី សាខាឃុំគោខ្ចក មានទីលំនៅភូមិគោខ្ចក ឃុំគោខ្ចក ស្រុកកំពង់ត្របែក។
សាក្សីបានប្រាប់សមត្ថកិច្ចជំនាញឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកខ្សែភ្លើង តបណ្តាញអគ្គិសនីចេញពីផ្ទះរបស់ខ្លួនទៅក្រោយផ្ទះចម្ងាយប្រមាណជិត៥០ម៉ែត្រដើម្បីឆក់ ត្រីយកមកធ្វើម្ហូប។ លុះមិនបានប៉ុន្មាននាទីផង ស្រាប់តែជនរងគ្រោះកាន់ប៉ះចំតំណខ្សែភ្លើង បណ្តាលឲ្យចរន្តអគ្គិសនីឆក់ដួលក្នុងទឹកស្រែបណ្តាលឲ្យបាត់បង់ជីវិតតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជារងគ្រោះ ដោយខ្សែភ្លើងឆក់ស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕