ភ្នំពេញ ៖ តារាសម្តែង ភិន សុដាលីស រួមទាំងកូនស្រី និងម្ចាស់ផលិតកម្មមហាហង្សលោកអ៊ិនសុភិននៅថ្មីៗនេះក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌបាននាំគ្រួសារទៅដើរកម្សាន្តទៅដល់សហរដ្ឋអាមេរិកព្រោះតែហេតុផល២គឺទៅចូលរួមកម្មវិធីរាត្រីសមោសរនិងធ្វើខួបកំណើតឲ្យចៅស្រីបណ្តូលចិត្តនៅទីនោះ ។
ភិន សុដាលីស និងឪពុកបានបង្ហាញរូបថតជាច្រើនសន្លឹកបង្ហាញពីសុភមង្គលគ្រួសារដោយលោកបាននាំភរិយាកូនប្រុសស្រីនិងចៅស្រីបណ្តូលចិត្តជិះយន្តហោះបោះពួយទៅសហរដ្ឋអាមេរិកក្នុងបំណងដើរកម្សាន្តជុំគ្រួសារនិងចូលរួមកម្មវិធីជប់លៀងធំមួយនៅអាមេរិកហើយក្នុងនោះលោកក៏ឆ្លៀតឱកាសរៀបចំកម្មវិធីជប់លៀងថ្ងៃខួបកំណើតចៅស្រីភិនសុខេតធើរីណា (Katerina) នៅភោជនីយដ្ឋានLegend Seafood Restaurant នៅទីក្រុងឡុងប៊ិចផងដែរ។
បើតាមលោកអ៊ិនសុភិនបានប្រាប់ឲ្យដឹងថានៅក្នុងឱកាសបុណ្យភ្ជុំនេះលោកបាននាំគ្រួសារមកដើរកម្សាន្តនៅអាមេរិកព្រោះតែចង់ដើរលេងសប្បាយជុំគ្នាហើយម្យ៉ាងទៀតកូនស្រីច្បងរបស់លោកគឺដាលីសត្រូវបានតារាសម្តែងជើងចាស់លោកយសបូវណ្ណៈ ដែលជាតារាល្បីទសវត្សរ៍ឆ្នាំ៩០អញ្ជើញមកចូលរួមកម្មវិធីជប់លៀងធំរាត្រីសមោសរជួបជុំបងប្អូនខ្មែរនៅទីនេះផងនិងកាន់តែពិសេសនោះគឺរៀបចំពិធីជប់លៀងខួបកំណើតអោយចៅស្រីបណ្តូលចិត្តនៅទីនេះដូចគ្នា ។
លោកអ៊ិនសុភិនបន្ថែមថាឆ្នាំមុនលោកនិងគ្រួសាររៀបចំខួបកំណើតអោយចៅស្រីនៅផ្ទះតែគម្រប់ខួប២ឆ្នាំនេះគឺរៀបចំនៅលើទឹកដីអាមេរិកម្តងហើយក្នុងនាមលោកជាជីតាគ្មានអ្វីផ្តល់ឲ្យចៅស្រីក្រៅពីក្តីសុខភាពកក់ក្តៅខួបកំណើតឆ្នាំនេះលោកនាំចៅនិងគ្រួសារមកដើរលេងនៅអាមេរិកហើយបន្តទៅកាណាដាហើយក្នុងនោះលោកក៏មានកញ្ចប់មូលនិធិសម្រាប់ចៅស្រីក្នុងការជួយទៅដល់ក្មេងៗកំព្រាក្មេងៗជួបការខ្វះខាតដើម្បីជួយដល់សង្គមក្មេងៗដែលខ្វះភាពកក់ក្តៅផងដែរ ៕ ដោយ វឌ្ឍនា