ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី២ ដឹកនាំដោយលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា និងមានការចូលរួមដោយលោក សុខ សម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាលនិងលោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីសាលាខណ្ឌព្រែកព្នៅទាំងមូលចូលរួមផងដែរ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នៅសាលាខណ្ឌព្រែកព្នៅ។
លោកម៉ៅ បូរ៉ាបានស្នើអោយមន្ត្រីពាក់ព័ន្ធចុះទៅធ្វើសៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ ក៏ដូចជាជួយជំរុញអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់នាំគ្នាមកធ្វើអត្តសញ្ញាណប័ណ្ណ និងជួយសម្រួលការងាយស្រួលជូនពួកគាត់ ព្រោះថាប្រជាពលរដ្ឋដែលរសនៅក្នុងខណ្ឌព្រែកព្នៅភាគច្រើនសុទ្ធសឹងតែជាប្រជាពលរដ្ឋក្រីក្រ។
របៀបវារៈនៃការប្រជុំមាន ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៦ អាណត្តិទី២របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៥របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ៣- ពិនិត្យ និងអនុម័ត សេចក្តីព្រាងដីកាស្តីពីការកំណត់តម្លៃសេវ៉ានៅការិយាល័យច្រកចេញចូលតែមួយរបស់សាលាខណ និងបញ្ហាផ្សេងៗទៀត។
ក្នុងកិច្ចប្រជុំនោះផងដែរ លោក យិន អ៊ីមចៅសង្កាត់សំរោងបានលើឡើងថា ប្រជាពលរដ្ឋដែលរសនៅក្នុងភូមិបានស្នើរសុំអោយអាជ្ញាធរដែលជាប់ពាក់ព័ន្ធជួយដោះស្រាយផ្លូវលំមួយខ្សែនៅមុខវត្ត អង្គសិរីសួរស្តីជូនពួកគាត់អោយបានទទឹង៨មែត្រផង ហើយបច្ចុប្បន្ននេះផ្លូវនៅសល់ត្រឹមតែទទឹង៤ម៉ែត្រតែប៉ុណ្ណោះ ចំណែក លោកស្រី ឌី សារៀមចៅសង្កាត់ពន្សាំងបានលើកឡើងដែរថា ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាសុំអោយក្រុមហ៊ុនជីកដីស្តាស្រះនៅវត្តថ្មីកុំជីកជ្រៅពេក ពីព្រោះពួកគាត់ខ្លាចមានការបាក់ដីចូលដល់ដីស្រែរបស់ពួកគាត់ និងជាពិសេសពួកគាត់មានការភ័យខ្លាចធ្លាក់គោ ក៏ដូចជាការលិចលង់ក្មេងក្នុងភូមិជាដើម។
លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា ចំពោះបញ្ហារបស់ប្រជាពលរដ្ឋលោកនិងខិតខំដោះស្រាយជូនពួកគាត់ ជាមួយគ្នាផងដែរលោកបានជុំរុញដល់សង្កាត់ណាដែលជាប់ពាក់ព័ន្ធក្នុងបញ្ហាទំនាស់របស់ប្រជាពលរដ្ឋ សុំអោយជួដោះស្រាយនិងសម្រួលដល់ពួកគាត់ជាបន្ទាន់ផងដែរ លោកសុខ សម្បត្តិបន្ថែមទៀតថាដោយសារតែមានសង្កាត់មួយចំនួនមានការខ្វះខាតនូវទឹកប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះបានជាលោកតម្រូវអោយមានការស្តារស្រះ និងជីកអណ្តូងស្នប់ចែកជូនដល់ពួកគាត់បានប្រើប្រាស់ផងដែរ នៅចំពោះមុខលោកសុខ សម្បត្តិមានគំរោងស្ថាបនាផ្លូវបេតុង សាងសង់ស្ពាន បាឡេសម្រាប់ឆ្នាំ២០១៦ខាងមុខនេះដោយលោកបាននិងកំពុងតែដាក់គំរោងស្នើរសុំទៅថ្នាក់លើរួចជាស្រេចហើយ ៕
ដោយ៖ ចាន់ធឿន