ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​ នាំ​ទៅ​ដើរ​លេង​នៅ​កោះកុង​ លួច​ទូរស័ព្ទ​នាង​បាន​២​គ្រឿង​

ចែករំលែក៖

​ខេត្តកោះកុង៖ ស្នេហា​យុវវ័យ​បច្ចុប្បន្ន​ដូច​ផ្លេកបន្ទោរ​ ឃើញ​ភ្លាម​ ស្រឡាញ់​ភ្លែត​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ពិធី​សាស្ត្រ​នៃ​ការ​ទាក់ទង​ ក៏​មិន​លំបាក​នោះ​ដែរ​ ។​ បច្ចេកវិទ្យា​ទំនើប​ក្រៅពី​ប្រព័ន្ធ​ទូរស័ព្ទ​ គេ​ក៏​អាច​ទាក់ទង​គ្នា​តាម​បណ្តាញ​ផ្សេងៗ​ ដូច​ជា​ហ្វេ​ស​ប៊ុ​ក​ជាដើម​ ។​ មាន​អ្នក​រង​គ្រោះ​ច្រើន​ហើយដោយ​សារ​ហ្វេ​ស​ប៊ុ​ក​នេះ​ ។​ ប៉ុន្តែ​ល្បិច​នៃ​ដៃគូ​ស្នេហា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​នៅ​តែ​មាន​វិធី​ច្រើន​យ៉ាង​ ។​

see

​ជាក់ស្តែង​បុរស​ម្នាក់​ឈ្មោះ​ លឹ​ម​ ម៉េ​ង​ ជា​មន្ត្រី​យោធា​បម្រើ​ការ​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​នារី​ស្រស់​ស្អាត​២​នាក់​ថា​ បាន​នាំ​នាង​ពី​ភ្នំពេញ​មក​លេង​ខេត្តកោះកុង​បាន​មួយ​យប់​ លុះ​ព្រឹក​ឡើង​ ក៏​លួច​ទូរស័ព្ទ​អាយ​ហ្វូ​ន​២​គ្រឿង​ (Iphone​ 6​មួយ​គ្រឿង​ និង​ Iphone6​ plus​ មួយ​គ្រឿង​ )​ និង​ប្រាក់​មួយ​ចំនួន​ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ភ្នំពេញ​ម្នាក់ឯង​ ចោល​ពួក​នាង​នៅ​ទីនោះ​ ។​

​លោក​ ឡាយ​ ម៉េ​ង​ឡាំង​ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ថា​ យោង​តាម​បណ្តឹង​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ បុរស​ឈ្មោះ​ លឹ​ម​ ម៉េ​ង​ អាយុ​២៣​ឆ្នាំ​អះអាង​ប្រាប់​នារី​រង​គ្រោះ​ថា​ ជា​មន្ត្រី​យោធា​ និង​ជា​ចៅ​របស់​លោក​ជំទាវ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ បាន​បបួល​ពួក​នាង​មក​លេង​ខេត្តកោះកុង​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ ។​ នៅ​ពេល​មក​ដល់​ខេត្តកោះកុង​ ពួក​គេ​បាន​សម្រាក​នៅ​ក្នុង​សណ្ឋាគារ​មួយ​ ហើយ​ព្រឹក​ឡើង​ ស្រាប់តែ​ឈ្មោះ​ លឹ​ម​ ម៉េ​ង​ បាន​ប្រមូល​យក​ទូរស័ព្ទ​ និង​លុយ​មួយ​ចំនួន​គេចខ្លួន​បាត់​ ។​ ពេល​នោះ​ ពួក​នាងៗ​បាន​ទាក់ទង​បងប្អូន​នៅ​រាជធានី​ភ្នំពេញ​ ។​ បងប្អូន​ពួក​នាង​ដែល​ជា​មន្ត្រី​នគរបាល​នៅ​រាជធានី​ភ្នំពេញ​បាន​ទាក់ទង​មន្ត្រី​នគរបាល​ខេត្តកោះកុង​ ឲ្យ​នាង​ដាក់​ពាក្យ​ប្តឹង​នៅ​ទីនោះ​ ។​

​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចាប់​បុរស​សង្ស័យ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ខេត្តកោះកុង​វិញ​ ។​

​លោក​ឡាយ​ ម៉េ​ង​ឡាំង​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ ។​ លោក​បាន​បន្ត​ថា​ នៅ​ពេល​សាកសួរ​ជនសង្ស័យ​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ខេត្តកោះកុង​វិលក្បុង​ ដោយ​ម្តង​និយាយ​អីចេះ​ ម្តង​អីចុះ​ និង​បាន​អះអាង​ថា​ ខ្លួន​ជា​ចៅ​របស់​លោក​ជំទាវ​ម្នាក់​ផង​ ។​ នៅ​ពេល​នោះ​គេ​ឃើញ​លោក​ជំទាវ​ម្នាក់​កំពុង​ព្យាយាម​រត់ការ​ដោះស្រាយ​ដើម្បី​ឲ្យ​ជនសង្ស័យ​បាន​រួច​ពី​ការ​ចោទប្រកាន់​ ។​

​គេ​កំពុង​រង់ចាំ​មើល​ថា​ តើ​សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង​ និង​សាលាដំបូង​ខេត្ត​នេះ​ ចាត់វិធានការ​សំណុំរឿង​នេះ​យ៉ាងដូចម្តេច​?​ ឬ​មួយ​ក៏​ត្រូវ​ខ្លាច​ឥទ្ធិពល​លោក​ជំទាវ​ម្នាក់​នោះ​មែន​?​ បើ​យ៉ាង​ដូច្នេះ​ អាច​នឹង​មាន​ផ្សេង​បន្ត​ទៀត​ ក្រៅពី​នារី​២​នាក់​ខាងលើ​នេះ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print