ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលរស់ដោយការនេសាទត្រីជាលក្ខណៈគ្រួសារតាមតំបន់បឹងបួរ អូរ ទន្លេ ស្ទឹងចាប់ពីកព្រែកស៊ឹងរហូតដល់ស្លែង ឃុំរបាស្រែ ឃុំគោកធ្លក ស្ថិតនៅស្រុកអង្គរបុរីខេត្តតាកែវបានអះអាង ថា ចាប់តាំងពីរដូវទឹកឡើងបិទការនេសាទរហូតពេលទឹកស្រកបើកការនេសាទវិញនេះនៅតាមបឹងបួរ អូរ ទន្លេ ព្រែក ស្ថិតនៅស្រុកអង្គរបុរី មានមន្ដ្រីជលផលផ្នែកស្លែង ឃុបឃិត ជាមួយនាយខណ្ឌជលផល និងអាជ្ញាធរស្រុកលក់ ទៅឲ្យជនជាតិវៀតណាមដែលមានបច្ចេកទេសក្នុងការប្រព្រឹត្តបទល្មើសនេសាទដោយឧបករណ៍ទំនើបៗក្នុងការប្រមូលផលត្រីដោយគ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ហ៊ានចូលទៅធ្វើការនេសាទនៅតំបន់ដែលពួកយួនបានទិញបឹងនោះបានឡើយ។
ប្រជាពលរដ្ឋរស់នៅឃុំបាស្រែ ឃុំគោកធ្លក ឃុំពាមទោល ឃុំព្រែផ្គាំ បានចោទទៅលើលោក ឃឹម ប៊ុនថន ជានាយផ្នែកជលផល ស្លែង ស្រុកអង្គរបុរី ជាអ្នកលក់បឹងនៅចំណុចពីមាត់ព្រែកស៊ឹងរហូតដល់ស្ទឹងព្រែកសណ្ដែកទៅឲ្យជនជាតិវៀតណាមម្នាក់ឈ្មោះ ត្រ ក្នុងតម្លៃជាង៣០០០ដុល្លា ហើយជនជាតិវៀតណាមឈ្មោះ ត្រ នេះបានដាក់ស្បៃមុងរត់ជារបាំងព្រួលញឹកដែលកំពឹសក៏ចេញមិនរួចដែរ គឺរាប់ពាន់ម៉ែត្រហើយធ្វើជាស៊ងសម្រាប់ចាប់ត្រីដាក់កាត់ស្ទឹង ព្រែកជាច្រើនកន្លែងធំៗដែលគេហៅថា «យ៉» ចាប់ត្រី និងឧបករណ៍ល្មើសច្បាប់ជលផលជាច្រើនប្រភេទទៀតមានដូចជា ដាយ ឡូក រ៉ាវ។ល។
ចំណែកប្រជាពលរដ្ឋរស់នៅឃុំបាស្រែវិញកំពុងខឹងសម្បារនឹងជំនាញជលផលអាជ្ញាធរស្រុក និងមេសហគមន៍បានស្រែឈ្មោះ ស៊ុំ ផន ដោយពួកគាត់ចោទប្រកាន់ថា បានបង្កើតសហគមន៍មួយក្ដាប់តូចហើយនិយមបក្សពួក មិនមែនភាពសុក្រឹត្យហើយសហគមន៍នេះបានប្រព្រឹត្ត អំពើពុករលួយ និងបានប្រើឧបករណ៍ល្មើសច្បាប់ដែលជលផលខ្នាតធំមានដូចជា យ៉ និងដាយត្រី ប្រមូលផលត្រីបានរាប់សិបតោនក្នុងមួយថ្ងៃៗ ហើយទាំងអស់គឺគេលក់ទៅឲ្យជនជាតិវៀតណាមដឹកជញ្ជូនចូលទៅប្រទេសគេទាំងអស់ហើយ ប្រជាពលរដ្ឋខ្មែរយើងគ្មាននរណាម្នាក់អាចទិញត្រីទាំងអស់នោះបានមកធ្វើប្រហុក ឬផ្អកសម្រាប់ទុកទទួលទាននោះឡើយ។
ប្រជានេសាទបានបន្ដថា សហគមន៍ឃោរឃៅជាងថៅកែឡូត៍ចាស់ៗទៅទៀត សូម្បីតែពលរដ្ឋក្រីក្រ យកមង សន្ទូច ឬបង់សំណាញ់ ក៏ត្រូវបានពួកគេហាមឃាត់ និងចេញចាប់រត់បាតជើងសព្រាតដែរ។
ពលរដ្ឋនៅឃុំគោកធ្លកក៏បានអះអាងដូចគ្នានេះដែរ ពួកសហគមន៍មួយក្ដាប់តូចនោះកំពុងតម្កើងឬកធ្វើបាយរាស្ដ្រស្លូតត្រង់ បន្ទាប់ពីពួកគេបានអំណាចពីជំនាញជលផល និងអាជ្ញាធរដែលបានបង្កើតសហគមន៍ នេះឡើងមកគឺដើម្បីឲ្យប្រជាពលរដ្ឋរឹតតែជួបការលំបាកខ្លាំងឡើងៗ។ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត ពិសេសខាងនាយកដ្ឋានរដ្ឋបាលជលផលមេត្តាចុះស្រាវជ្រាវលើករណីនេះផង ដើម្បីឲ្យដឹងថា តើការបង្កើតសហគមន៍នេសាទ និងបទល្មើសនេសាទល្មើសច្បាប់ដែលកាងដោយមន្ដ្រីជលផលឲ្យវៀតណាមធ្វើនេសាទដោយល្មើសច្បាប់ជលផលនោះ តើប៉ះពាល់យ៉ាងណា ? ហើយពលរដ្ឋប៉ុន្មានគ្រួសារដែលកំពុងរងទុក្ខលំបាកនោះ ?
ទាក់ទងនឹងការចោទប្រកាន់លោក ឃីម ប៊ុនថន នាយផ្នែកជលផលស្រុកថា លក់បឹងមួយចំនួនឲ្យវៀតណាមឈ្មោះ ត្រ នេះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ឃីម ប៊ុនថន បានទេដោយសារតែទូរស័ព្ទអត់ចូល ហើយពេលខ្លះតេចូលហើយតែគ្មានអ្នកលើក៕
ដោយ៖ ហេង នរិន្ទ្រ