ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានស្លាប់នៅក្នុងធុងរ៉ឺម៉កដឹកធ្យូង ខណ:បើកម៉ូតូធំយ៉ាងលឿនជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកធ្យូងដាច់ទ្រុងអូសជាង១០ម៉ែត្រ ផ្លោងធ្លាក់ចូលក្នុងរ៉ឺម៉ក ហេតុការណ៍នេះបង្កការឲ្យមានការភា្ញក់ផ្អើលឡើងកាលពីជាម៉ោង៤ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមផ្លូវទន្លេសាប ស្ថិតនៅក្នុងភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះជាជនជាតិបរទេសនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ អាយុជាង៤០ឆ្នាំ បើកបរម៉ូតូធំម៉ាកYAMAHA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FK-4425 ។
ប្រភពពត៌មានកន្លែងកើតហេតុឱ្យបានដឹងថា អ្នកបើករ៉ឺម៉កដឹកធ្យូងមានឈ្មោះថុន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ធ្យូង ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ។
ប្រភពពត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុគេបុរសម្នាក់ជាជនជាតិបរទេសបានបើកម៉ូតូធុនធំមួយគ្រឿងដោយធ្វើដំណើរតាមផ្លូវទន្លេសាប ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូរ៉ឺម៉កដឹកធ្យូងបើកបរពីត្បូងទៅជើង(បញ្ច្រាសទិសគា្ន ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូធុនធំបានរេចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកធ្យូង ធ្វើឲ្យដាច់ទ្រុងចេញពីកន្ទុយរ៉ឺម៉កអូសជាង១០ម៉ែត្រ ផ្លោងបុរសជនជាតិបរទេសចូលក្នុងទ្រុងដាក់ធ្យូង បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកម៉ូតូរ៉ឺម៉កដឹកធ្យូងរងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញចុះមកកន្លែងកើតហេតុវាស់វែងយកម៉ូតូជនរងគ្រោះទាំង២ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ចំណែកសាកសពបុរសជនជាតិបរទេស សមត្ថកិច្ចយកទៅក្លាស្សេទុកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរងចាំបងប្អូនសាច់ញាតិមកទទួល ៕
ដោយ៖ ជ្រោយពេជ្រ